Wednesday, June 27, 2018

សង្ខេបអក្សរសិល្ប៍ខ្មែរ រឿង ទុំទាវ

ប្រភេទ៖ អក្សរសិល្ប៍ទំនើប, ប្រលោមលោកបែបមនោសញ្ជេតនា
ចលនា៖ ខេមរនិយម
ឥទ្ធិពល៖ ព្រះពុទ្ធសាសនា
សង្គមបរិយាកាស៖ ក្នុងសម័យលង្វែក
កាលកំណត់តែង៖ ១៩១៥ (ក្នុងរជ្ជកាលសេ្តចស៊ីសុវត្ថិ)
អ្នកនិពន្ធ៖ ភិក្ខុសោម
រឿងសង្ខេប
ទុំជាកូនប្រុសរបស់ស្រ្តីមេម៉ាយម្នាក់នៅស្រុកបាភ្នំ ខេត្តព្រៃវែង បានបួសរៀនជាមួយមិត្តភក្តិម្នាក់ឈ្មោះ ពេជ្រនៅក្នុងវត្តវិហារធំ។ ទាំងពីរនាក់មានចំណេះដឹងខាងមន្តអាគម ស្មូត្រ ផ្លុំប៉ី និងធ្វើតោកលក់។ ដោយឡែកទំុមានរូបរាងស្អាត និងមានសំឡេងពីរោះ។ ថ្ងៃមួយនេនទាំងពីរបានសុំលោកគ្រូចៅអធិការយកតោកទៅលក់។ ទុំ និងពេជ្រលក់រហូតដល់ស្រុកត្បួងឃ្មុំ។ ទុំបានស្មូត្រយ៉ាងពិរោះធ្វើឲ្យអ្នកស្រុកត្បូងឃ្មុំផ្អើលឈូឆរមកស្តាប់។ នាងនោជាភិលៀងរបស់នាងទាវ ឃើញទុំស្អាត សំឡេងពិរោះក៏គួចចិត្តសេ្នហា តែដោយឋានៈតួចទាបនាងក៏ត្រឡប់ទៅផ្ទះប្រាប់នាងទាវ។ ទាវដឹងដំណឹងនេះក៏អង្វរម្តាយឲ្យទៅនិមន្តនេនទុំមកស្មូត្រនៅផ្ទះរបស់ខ្លួន។ ទុំស្មូត្រយ៉ាងពិរោះទាវក៏ចាប់ចិត្តស្រឡាញ់ ក៏រៀបចំផាហ៊ុម ដន្លាប់ បារី ស្លា ម្លូឲ្យនាងនោយកទៅប្រគេនទុំ ហើយប្រាថ្នាផ្សងឲ្យបានជួបទុំ។ ឯទុំវិញក៏ចាប់ចិត្តស្រឡាញ់ទាវដែរ។ មកដល់វត្តវិញ ទុំរិះរកឧបាយកលសុំលោកគ្រូសឹក លោកគ្រូពុំព្រមព្រោះការទស្សទាយឃើញថាជើងលេខមិនល្អពានលើស្លាប់។ ដោយគ្រូមិនឲ្យសឹកទុំក៏ទៅរកម្តាយឲ្យជួយអង្វរករលោកគ្រូតែពុំបានសម្រេច។ ទុំដាច់ចិត្តលួចសឹកម្នាក់ឯង ហើយក៏ប្រញាប់ប្រញាល់បបួលពេជ្រវិលទៅត្បូងឃ្មុំវេញ។ ជួនជាពេលនោះម្តាយទាវមិននៅ ទុំក៏ឡើងលើផ្ទះហើយលួចរូមរ័ក្សជាមួយទាវនាពេលនោះទៅ។
        ក្រោយមកអរជូនជាចៅហ្វាយខេត្តត្បូងឃ្មុំបានចួលដណ្តឹងនាងទាវ ឲ្យម៉ឺនងួនជាកូនប្រុសរបស់ខ្លួន។ ទន្ទឹមនឹងនោះទុំ និងពេជ្រត្រូវសេ្តចរាមាដែលសោយរាជ្យនៅក្នុង ក្រុងលង្វែកនាំយកទៅក្នុងវាំងព្រោះទុំចេះស្មូត្រយ៉ាងពិរោះ។ ដោយព្រះបាទរាមាចង់បានស្រីស្អាតធ្វើជាស្នំឯក ក៏ជ្រើសរើសរកស្រីស្អាតប៉ះចំនាងទាវដែលជាសង្សារទុំធ្វើឲ្យម្តាយទាវសប្បាយចិត្តជាខ្លាំង។ លុះបានជួបមុខគ្នាក្នុងវាំងចំពោះមុខសេ្តច ទុំច្រៀងរៀបរាប់សព្វគ្រប់ធ្វើឲ្យសេ្តចរៀបការឲ្យទុំនឹងទាវជាប្តីប្រពន្ធក្នុងពេលនោះទៅ។
        ការណ៍នេះធ្វើឲ្យម្តាយទាវតូចចិត្តយ៉ាងខ្លាំង ក៏ប្រញាប់ប្រញាល់មកស្រុកកំណើតវិញ ហើយរិះរកឧបាយកលក្លែងសំបុត្រប្រាប់ទៅនាងទាវថាខ្លួួនមានជម្ងឺជាទម្ងន់។ បានដំណឹងភ្លាម ទាវក៏មកមើលម្តាយដល់ផ្ទះ ត្រូវម្តាយចាប់បង្ខំឲ្យរៀបការជាមួយម៉ឺនងួន។ ទាវអស់សង្ឃឹមក៏សរសេរសំបុត្រឲ្យទុំបានដឹង។ ពេលនោះសេ្តចក៏ប្រទានរាជសារដល់ទុំ និងពេជ្រដើម្បីឃាត់អរជូន។ មកដល់ផ្ទះទាវ ទុំវង្វេងស្មារតីអស់សង្ឃឹមផឹកស្រាស្រវឹង ប្រកៀកប្រឱបនាងទាវចំពោះមុខភ្ញៀវ ធ្វើឲ្យម្តាយទាវខឹងក៏ពន្យូសអរជូនឲ្យចាប់យកទុំទៅសម្លាប់នៅក្រោមដើមពោធិជើងខាល។ ដឹងថាប្តីនាងត្រូវគេសម្លាប់ ទាវនិងនោតាមរកទុំ។ អ្នកទាំងពីរក៏សម្លាប់ខ្លួនតាមទុំទៅ។ ពេជ្រនាំដំណឹងអកុសលនេះទៅទូលសេ្តច ស្តេចក៏មកកាត់ក្តី ដោយចាប់អរជូន ម៉ឺនងួន និងម្តាយទាវកប់ទាំងរស់ត្រឹមក ហើយយករនាស់រាស់ពីលើក្បាល រីឯអ្នកស្រុកត្បូងឃ្មុំបញ្ចូលជាអ្នកងារទាំងអស់។
ប្រធានរឿង៖ រឿងទុំទាវអ្នកនិពន្ធបានរំលឹកឡើងវិញពីប្រវត្តិស្នេហាមួយរបស់យុវជនខ្មែរ ក្រោមរបបសក្តិភូមិនាសម័យលង្វែក។ នេះគឺជាចំណងស្នេហាដ៏សោកសៅរបស់តួអង្គពីររូប គឺទុំ និងទាវ។ តាមរយៈនេះអ្នកនិពន្ធក៏បានលាតត្រដាងឲ្យឃើញពីរបៀបគ្រប់គ្រង និងច្បាប់ទម្លាប់ដ៏តឹងតែងនាសម័យនោះ។ ដូចនេះហើយទើបយើងឃើញថា ដំណើររឿងគឺវិលជុំវិញបញ្ហាសំខាន់មួយគឺ “ការតស៊ូដែលមានលក្ខណៈជាបុគ្គលិកដើម្បីទាមទារសិទ្ធិក្នុងការជ្រើសរើសគូស្រករ”។
មូលបញ្ហា៖ មូលបញ្ហារឿងទុំទាវគឺស្ថិតនៅលើទំនាក់ទំនងដែលកើតឡើងដោយសារការប្រកាន់យកនូវទស្សនៈពីរផ្ទុយគ្នា​ គឺទាមទារសិទ្ធិសេរីភាពក្នុងការជ្រើសរើសគូស្រករ ឬស្នេហាចិត្ត និងចិត្ត ហើយទស្សនៈដែលប្រកាន់ទស្សនៈនីមួយៗដណ្តើមយកឈ្នះរៀងៗខ្លួន។
ទស្សនៈចំពោះការស្លាប់របស់ទុំ
ទុំស្លាប់បណ្តាលមកពីមិនស្តាប់បណ្តាំគ្រូ
ទុំស្លាប់បណ្តាលមកពីមិនបង្ហាញរាជសារ
ទុំស្លាប់បណ្តាលមកពីម្តាយទាវជាអ្នកបើកដៃឲ្យគេសម្លាប់
ទុំស្លាប់បណ្តាលមកពីអរជូន និងម៉ឺនងួនជាអ្នកសម្លាប់
ទុំស្លាប់បណ្តាលមកពីនាងទាវមិនជួយដាស់តឿនទុំ
ទុំស្លាប់បណ្តាលមកពីស្តេចរាមាបណ្តាលឲ្យទុំយករាជសារទៅខ្លួនឯង
ទុំស្លាប់ព្រោះស្នេហា
ទុំស្លាប់បណ្តាលមកពីរបបសក្តិភូមិសម័យលង្វែកតែម្តង

រឿង ស៊ឹមអ្នកបរឡាន

ប្រភពរឿង៖ ដំណើរកើតឡើងនៅប្រទេសកម្ពុជា
ប្រភេទ៖ អក្សរសិល្ប៍ទំនើបបែបមនោគមវិជ្ជា
ចលនា៖ ខេមរនិយម
អ្នកនិពន្ធ៖ អ៊ឹម ថុក
សង្គមបរិយាកាស៖ ដំណើររឿងប្រព្រឹត្តទៅក្នុងសម័យអាណានិគមនិយមបារាំង ដែលក្នុង​កាលនោះអ្នកមានអំណាច អ្នកមានលុយជិះជាន់ញើសឈាមអ្នកក្រដូចសត្វធាតុ។
សង្ខេបរឿង
មីងប្រេម ម៉េងជាកម្មករម្នាក់នៅក្រុមបេតុងបានត្អូញត្អែរពីរឿងធ្វើការងារដោយត្រូវកាត់មួយ​ថ្ងៃសូកគេដើម្បីបានការងារធ្វើ។ ពេលព្រះអាទិត្យជិតថ្ងៃត្រង់ អ្នកធ្វើការទាំងអស់បានសប្បាយ​ចិត្ត ព្រោះដល់ម៉ោងសម្រាកពីការងារ។ បន្ទាប់ពីប្រគល់សម្ភារៈឲ្យអ្នកយាមឃ្លាំងរួច គូលីក៏បំបែកគ្នា​ទៅ​ផ្ទះរៀងៗខ្លួន។ រីឯគូលីណាដែលផ្ទះនៅឆ្ងាយក៏សម្រាកនៅកន្លែងធ្វើការ ខ្លះទៀតនៅតាមសំយាប​ផ្ទះ ឬក្រោមម្លប់ក្បែរនោះ។ មីងប្រេម ម៉េង នាងប្រុញ និងគូលីម្នាក់ទៀតដែលសម្រាកនៅកន្លែង​ធ្វើ​ការក៏ចូលវង់ទទួលទានបាយជាមួយគ្នាដោយមានម្ហូបក្រៀមក្រោះ។ ពួកគេហូបបាយបណ្តើរ និយាយត្អូញត្អែរពីភាពលំបាករបស់ពួកគេបណ្តើរ អំពីការធ្វើការងារហើយទទួលបានបា្រក់ខែ​បន្តិច​មិនអាចចាយវាយបានគ្រប់គ្រាន់។
ថ្ងៃបើកលុយមកដល់គូលីទាំងអស់អង្គុយចាំបើកលុយពីប្រពន្ធថីសេហ្វដោយទឹកមុខរីក​រាយ។ ប៉ុន្តែភាពញញឹមនេះមិនបានកន្លះម៉ោងទេ ព្រោះនៅខាងក្រៅ មានចឹកលក់ការ៉េម និងមីង​ពតអ្នកលក់នំបញ្ចុកចាំទារលុយពីពួកកម្មករដែលស៊ីជំពាក់គាត់។ មីងប្រេម ហ៊ី សុទ្ធតែបានជំពាក់​ចឹកការ៉េម និងមីងពតព្រោះគាត់ទ្រាំអស់កម្លាំងមិនបាន។
ស៊ឹមជាអ្នកបរឡានឲ្យលោកធំ។ ស៊ឹមជាអ្នកតាមដានអានកាសែតបានច្រើនក៏រៀបរាប់ពីការ​រស់នៅរបស់កម្មករនៅប្រទេសដទៃឲ្យភ្ញៀវស្តាប់ និងបានជួយពន្យល់ណែនាំដល់ក្រុមមីងប្រេមពី​ការរស់នៅរបស់កម្មករនានានៅប្រទេសដទៃទៀតដែលគោរពលទ្ធិប្រជាធិបតេយ្យ។ ស៊ឹមបាន​ពន្យល់ឲ្យគូលីទាំងអស់រៀនអានកាសែតដែលផ្សាយពីស្រុកប្រជាធិបតេយ្យ ដើម្បីចងជាសមាគម ឬសហជីពការពារកម្មករ។

ថ្ងៃមួយស៊ឹមបរឡានជូនលោកធំគាត់ទៅជួបមិត្តភក្តិ ហើយលោកឲ្យសឹមមកទទួលគាត់វិញ​នៅម៉ោង១១កន្លះ។ ស៊ឹមចាំលោកតាំងពីម៉ោង១១កន្លះរហូតដល់សារ៉ែនរោទិ៍ ក៏នៅតែមិនឃើញ​លោកចេញមក ស៊ឹមក៏បើកឡានទៅមុនចោលលោក។ ពេលលោកត្រឡប់មកវិញស្តីបន្ទោសឲ្យ​ស៊ឹមជាច្រើនដែលស៊ឹមព្រហើនហ៊ានបើកឡានចោល ទោះបីជាស៊ឹមខំពន្យល់ហេតុផលដោះសារ​យ៉ាងណាក៏ដោយ។ លោកស្រីប្រពន្ធលោកក៏ជួយពន្យុះបន្ថែម។
ស៊ឹមក៏ប្រាប់ពូសនពីរឿងបើកឡានចោលលោក។ ពូសនបញ្ចេះស៊ឹមឲ្យទៅសុំទោសលោក តែ​ស៊ឹមតវ៉ាមិនព្រមសុំទោសទេ ព្រោះគាត់ធ្វើការមានម៉ោងពេលកំណត់ត្រឹមត្រូវ។ ស៊ឹមក៏បានពន្យល់​ពូសនពីស្រុកឯករាជ្យ ស្រុកប្រជាធិបតេយ្យ ដូច្នេះការធ្វើការងារត្រូវគោរពម៉ោងពេល គោរពសិទ្ធិ​សេរីភាពការងារ។ ប៉ុន្តែពូសនក៏ទូន្មានស៊ឹមវិញថា “ពងមាន់កុំជល់នឹងថ្ម”។ ដោយស៊ឹមមិនស្តាប់​ ពូ​សនខឹងហើយក៏ដើរចេញសំដៅឡានគាត់ទៅ។
ពូសនត្រឡប់មកពីជូនចៅហ្វាយគាត់ទៅដើរលេងនៅកែបរួចមក ក៏ត្រឡប់មកជូនចៅហ្វាយ​ទៅធ្វើការដូចសព្វដង។ ពូសនដើរសំដៅទៅស៊ឹមរួចសំណេះសំណាលគ្នាពីរឿងការងារ។ ពូសន​សួរស៊ឹមពីរឿងបើកឡានចោលលោកកាលពីថ្ងៃមុន ហើយនៅតែជំរុញឲ្យស៊ឹមទៅសុំទោសលោក​ទៀត ប៉ុន្តែស៊ឹមវិញនៅតែប្រឆាំងនឹងគំនិតចាស់គំរិលរបស់ពូសន ហើយថែមទាំងប្រាប់ពូសនថា​ពេលនេះលោកលែងហ៊ានប្រើគាត់ផ្តេសផ្តាសទៀតហើយ ឯលោកស្រីក៏និយាយរកស្រួលវិញ​ដែរ។ ពេលនេះគាត់មានពេលច្រើននៅជាមួយប្រពន្ធកូន។ ស៊ឹមថែមទាំងបានពន្យល់ពូសនឲ្យខំ​អានសៀវភៅ មើលកាសែតឲ្យបានច្រើនហើយហ៊ានរកខុសត្រូវនោះអ្នកធ្លាប់រំលោភជិះជាន់ក៏បែរ​ជាល្អវិញ។ ពូសនក៏បានយល់ស្រប ហើយអានសៀវភៅរបស់ស៊ឹមដោយជក់ចិត្ត។
ប្រធានរឿង៖ ការទាមទារសិទ្ធិសេរីភាពប្រជាធិបតេយ្យរបស់ប្រជាជនពីសំណាក់អ្នកជិះជាន់​កាន់អំណាច។
មូលបញ្ហារឿង៖ បញ្ហាទំនាស់វិបត្តិក្នុងសង្គមរវាងវណ្ណៈ និងវណ្ណៈដែលកើតមកពីការរំលោភ​កេងប្រវ័ញ្ច និងការតស៊ូមោះមុតប្រឈមមុខនឹងភាពក្រីក្រ និងការរើបម្រះមិនចុះញ៉ម។

រឿង ថៅកែចិត្តចោរ

ប្រភពរឿង៖ បោះពុម្ពផ្សាយដោយវិទ្យាស្ថានស្រាវជ្រាវវិទ្យាសាស្រ្តក្រសួងអប់រំឆ្នាំ ១៩៨៩។
ប្រភេទ៖ អក្សរសិល្ប៍ទំនើបបែបល្ខោននិយាយ
ចលនា៖ អក្សរសិល្ប៍ខេមរនិយម
ឥទ្ធិពល៖ រឿងថៅកែចិត្តចោរបានទទួលឥទ្ធិពលពីពួកមូលធននិយមពីព្រោះនៅក្នុងដំណើរ​រឿង អ្នកនិពន្ធបានបង្ហាញឲ្យពួកមូលធននិយមជាអ្នកឈ្នះ។
កាលកំណត់តែង៖ រឿងថៅកែចិត្តចោរបានទទួលឥទ្ធិពលឡើងនៅក្នុងឆ្នាំ១៩៥៦ជាកម្រង​អត្ថបទអក្សរសិល្ប៍ដែលប្រឌិតឡើងនៅទីក្រុងភ្នំពេញ មានលក្ខណៈជាល្ខោននិយាយ។ ខ្លឹម​សារនៃរឿងនេះបានយកមកចម្លងដោយនាយកដ្ឋានសិល្បៈនៅថ្ងៃទី៣០ កញ្ញា ១៩៨១ បោះ​ពុម្ពផ្សាយដោយវិជ្ជាស្ថានវិទ្យាសាស្រ្តស្រាវជ្រាវក្រសួងអប់រំនៅទីក្រុងភ្នំពេញឆ្នាំ១៩៨៩។
អ្នកនិពន្ធ៖ រឿងថៅកែចិត្តចោរតាក់តែងឡើងដោយអ្នកនិពន្ធឈ្មោះ ពៅ យូឡេង និង អ៊ុំ ឈឺន
សង្គមបរិយាកាស៖ ដំណើររឿងរឿងបានប្រព្រឹត្តទៅនៅក្នុងសម័យដែលប្រទេសកម្ពុជាទើប​បានទទួលឯករាជ្យដំបូង។
សង្ខេបរឿង
នៅឆ្នាំ១៩៥៦ មានព្រឹត្តិការណ៍មួយកើតឡើងនៅទីក្រុងភ្នំពេញ គឺលោកថៅកែបានប្រើឲ្យពូ​ហំបើកឡានបុកឡានរបស់អុងប៉ាងហុងលីដោយសន្យាថាឲ្យលុយ ១០០០០រៀល។ ក្រោយមក​គេ​ឃើញពូហំ និងផានីតកំពុងជជែកគ្នាពីរឿងនេះដោយផានិតបានឲ្យពូហំរត់គេចខ្លួន ប៉ុន្តែពូហំមិន​រត់​ទេ គឺចាំយកលុយមួយម៉ឺនពីថៅកែសិន ព្រោះត្រូវការយកលុយនេះទៅឲ្យម្តាយធ្វើបុណ្យ និងឲ្យកូន​ទិញប្រដាប់ប្រដាររៀនសូត្របន្តទៅទៀត។ មួយសន្ទុះក្រោយមកទើបឃើញថៅកែចូលមកដល់​ ពូ​ហំក៏សុំលុយពីថៅកែ ថៅកែបែរជាបដិសេធទៅវិញ ហើយឲ្យតែ ២០០រៀល ដោយយកលេសថា គាត់មិនបានប្រើពូហំបើកឡានបុកគេឲ្យស្លាប់នោះទេ។ អ្នកទាំងពីរក៏មានការឈ្លោះប្រកែកប្រ​ណាំងគ្នា តែនៅតែមិនព្រមត្រូវគ្នាទេ ព្រោះថៅកែមិនព្រមឲ្យលុយ ១០០០០រៀលទៅពូហំ។
នៅផ្ទះពូហំឯណេះវិញមានប៉ូលីសជាច្រើនទៅឡោមព័ទ្ធចាប់ពូហំ ប៉ុន្តែប្រពន្ធគាត់ប្រាប់ថា​ប្តី​គាត់អត់មកផ្ទះ៤, ៥ថ្ងៃហើយ។ ពួកក្រុមប៉ូលីសក៏ត្រឡប់ទៅផ្ទះរបស់ថៅកែ ឃើញអ្នកទាំងពីរ​ប្រកែកគ្នា ប៉ូលីសក៏សួរថា “នរណាជាចោរ?” យើងជាក្រុមនគរបាល ប្រាប់មុខចោរយើងមក យើង​នឹងចាប់”។ ពេលនោះអ្នកទាំងអស់គ្នាក៏ជ្រួលច្របល់ពូហំបានសារភាពថាគាត់ជាអ្នកបើកឡានបុក​ឡានរបស់អាហុងលី ប៉ុន្តែនេះគឺដោយសារថៅកែបញ្ជាឲ្យបុកដែរត្រូវតែចាប់ទាំងថៅកែ។ ថៅកែ​ប្រកែកថាពូហំនិយាយកុហក ពេលនោះមានផានិត គង់ ទ្រី សុខមានជួយធ្វើជាសាក្សីឲ្យពូហំ។ ស្រាប់តែថៅកែបានអូសដៃប៉ូលីសទៅខ្សឹបប៉ូលីសក៏ចាប់ពូហំយកទៅក្រសួងនគរបាលដោយទុក​ឲ្យប្រពន្ធពូហំយំសោកបោកប្រាណអាណិតប្តី។ ទីបញ្ចប់មានសុខ គង់ ទ្រី និងផានីតក៏ត្រូវបាន​ថៅ​កែដេញចេញឈប់ឲ្យធ្វើការងារនៅទីនោះ។
ប្រធានរឿង៖ រឿងនេះនិយាយពីអំពើអយុត្តិធម៌ក្នុងសង្គមខ្មែរ។
មូលបញ្ហារឿង៖ បើតាមការពិនិត្យទៅតាមសាច់រឿង យើងអាចទាញនូវបញ្ហាដូចតទៅ៖ ទី១ ការ​កាន់នូវសច្ចធម៌ ចេះសាមគ្គីគ្នារវាងកម្មករទៅនឹងជីវភាពរបស់ខ្លួន។ ទី២ អយុត្តិធម៌ឈ្នះ​យុត្តិធម៌ដោយសារទឹកលុយ។

រឿង ព្រះអាទិត្យថ្មីរះលើផែនដីចាស់

ប្រភព៖ ចេញមកពីដំណើរនយោបាយដែលប្រទេសស្ថិតនៅក្រោមរបបអាណានិគម
ប្រភេទ៖ ជាអក្សរសិល្ប៍ប្រលោមលោកទំនើប
ឯកសារ៖ ស្ថិតនៅក្នុងសៀវភៅប្រលោមលោក និពន្ធដោយលោក សួន សុរិន្ទ ហើយនៅឆ្នាំ ១៩៩៣, ៩៤ ក្រសួងអប់រំបានរៀបចំបញ្ចូលក្នុងកម្មវិធីសិក្សាថ្នាក់ទី១២ ត្រង់វគ្គទី៩ “អ្នកន​យោបាយបោកប្រាស់” ឡើងទៅ។ ប៉ុន្តែបច្ចុប្បន្ននេះក្នុងឆ្នាំ​សិក្សា ២០១១, ១២ ក្រសួងបាន​ដកយកវគ្គទី១៦ “ទីពឹងថ្មី” និងវគ្គទី១៧ “កសិករថ្មី” មកបញ្ចូលក្នុងកម្មវិធីសិក្សាវិញ។
ចលនា៖ ជាអក្សរសិល្ប៍ខេមរនិយមឆ្លុះបញ្ចាំងពីសតិអារម្មណ៍របស់ប្រជារាស្រ្តក្រីក្រ
ឥទ្ធិពល៖ ទទួលឥទ្ធិពលពីរបបសង្គមរាស្រ្តនិយម ព្រោះដំណើររឿងបានបំផុសឲ្យប្រជារាស្រ្ត​ស្រឡាញ់ការងារពលកម្ម កសិកម្ម ហត្ថកម្ម នយោបាយទឹក តួយ៉ាងដូចជាតួអង្គសមជា​ដើម។
កាលកំណត់តែង៖ ឆ្នាំ១៩៦០, ៦១
អ្នកនិពន្ធ៖ សួន សុរិន្ទ
សង្ខេបរឿង
សម ជាយុវកសិករកំព្រាឪពុកម្តាយតាំងពីតូច មានប្រពន្ធម្នាក់ឈ្មោះនាងសយ កំព្រាឪពុក​ម្តាយដូចគ្នា។ ដោយភាពក្រីក្រគេទាំងពីរបានចាកចេញពីស្រុកកំណើតទៅប្រកបរបរធាក់ស៊ីក្លូនៅ​ភ្នំពេញ។ សមធាក់ស៊ីក្លូបញ្រ្ចាសទិសត្រូវប៉ូលីសផាក។ រកប្រាក់បង់ពិន័យពុំបានអ្នកស្រីគឹមលៀង​បានស្តីបន្ទោសរួចដកហូតស៊ីក្លូលែងឲ្យធាក់ ចំណែកតាសានវិញក៏បណ្តេញសម និងសយចេញពី​ខ្ទមដែរ ព្រោះអ្នកទាំងពីរគ្មានលុយបង់ឈ្នួលផ្ទះ។
មុននឹងចាកចេញពីខ្ទមដ៏កំសត់នេះ សៅដែលជាមេក្រុមចោរលួចឆក់បានបបួលសមឲ្យចូល​ដៃធ្វើជាសកម្មភាពជាមួយខ្លួន តែសមមិនព្រម ហើយប្រកាន់នូវភាពយុត្តិធម៌ជានិច្ច។ សម និងប្រ​ពន្ធបានចូលទៅរស់នៅតាមសំយ៉ាបព្រះវិហារលោកសង្ឃយួននៅវត្តតួប្រស្រី។
ពេលនោះនាងសយត្រូវបានយាយចាស់ម្នាក់នាំឲ្យទៅនៅបម្រើផ្ទះថៅកែហុក ដោយមានការ​យល់ព្រមពីសមជាប្តីផងដែរ។ យប់មួយដោយមានភ្លៀងធ្លាក់យ៉ាងខ្លាំង វេលាម៉ោង២១ថៅកែហុក​បានចូលទៅចាប់រំលោភនាងសយដោយកម្លាំងកាមារម្មណ៍យ៉ាងព្រៃផ្សៃបំផុត។ ដោយមានការឈឺ​ចាប់ជាខ្លាំងព្រឹកឡើងនាងក៏ចាកចេញពីផ្ទះថៅកែហុក ដើម្បីទៅរកមិត្តកម្មករត្រីចក្រយានរបស់ប្តី​នាង គឺនាយម៉ី និងនាងមុំ ក៏បានជួបប្រពន្ធហើយដឹងថាថៅកែហុកធ្វើអំពើមិនគប្បីមកលើប្រពន្ធ ទោះបីប្រពន្ធ និងមិត្តភក្តិឃាត់ឃាំងយ៉ាងណាក៏ដោយ ក៏សមនៅតែមានបំណងសម្លាប់ថៅកែហុក​ចោល។ យប់មួយសមបានចូលទៅសំឡុតថៅកែហុកតាមកំហឹងរបស់ខ្លួន។ តែដោយចាញ់កល​ថៅកែហុក សមក៏ត្រូវចាប់បញ្ចូលគុកធំ ក្រោយមកត្រូវតុលាការកាត់ទោសដាក់គុកចំនួន៣ខែ។
បន្ទាប់ពីសមត្រូវជាប់គុក នាងសយ និងនាងមុំបាននាំគ្នាទៅសួរសុខទុក្ខសមនៅឯគុកធំនៅ​ថ្ងៃអាទិត្យដោយភាពខ្សឹកខ្សួល។ ពេលនៅក្នុងគុកសមត្រូវបក្សពួកជាប់គុកមុនៗមានឈ្មោះ ហួរ សួស និងពួកអនុរក្សនាំគ្នាវាយធ្វើបាបដោយគ្មានការពិចារណាឡើយ។
ក្រោយពីការណែនាំអប់រំពីភូឈួយគុក សមនិងនាងសយក៏ត្រូវម៉ីជូនទៅផ្ទះនៅជិតវត្តមហា​មន្ត្រី ដោយត្រីចក្រយាន។ ថ្ងៃបន្ទាប់មកក៏បានទទួលស៊ីក្លូពីសេដ្ឋីនីចិត្តល្អមេម៉ាយម្នាក់ឈ្មោះយាយ​កាន។ ពេលសមទៅរកប្រាក់ត្រូវឡានបុកសន្លប់បាត់ស្មារតី ត្រូវដឹកទៅមន្ទីរពេទ្យព្រះកេតុមាលា។
រួចពីគ្រោះថ្នាក់ សមក៏បានចូលទៅធ្វើការនៅរោងឧស្សាហកម្មសាប៊ូ។ ដោយសារការព្យា​យាម ពេលកាប៉ូរ៉ាល់លាឈប់ថៅកែក៏តែងតាំងសមជំនួសព្រមទាំងអនុញ្ញាតឲ្យសម និងប្រពន្ធមក​ស្នាក់នៅក្នុងបន្ទប់នៃរោងចក្រឧស្សាហកម្មនេះផង។
សេងអាន ជាកូនចៅរបស់ថៅកែសេងលីត្រូវទៅមើលការនៅហុងកុង ថៅកែសេងលីក៏បាន​តែងតាំងក្មួយលោកឈ្មោះសេងហុងឲ្យមើលការជំនួស។ ពេលនោះសមត្រូវបាន សេង ហុង បណ្តេញចេញលែងឲ្យធ្វើការ ព្រោះសមមិនធ្វើតាមបញ្ជារបស់សេងហុង។
សមទៅធ្វើការកន្លែងណាក៏ដូចជាកន្លែងណាត្រូវបានឋានៈជាកាប៉ូរ៉ាល់ ប៉ុន្តែមិនបានស្ថិត​ស្ថេរ​ទេត្រូវម្ចាស់កន្លែងបណ្តេញចេញរហូត។
ដោយមានកម្មករស្គាល់ច្រើន សមក៏បានបង្កើតសមាគមកម្មករមួយតែក្រោយមកក៏ត្រូវអ្នក​នយោបាយបោកប្រាស់ធ្វើជាឈ្នាន់ក្នុងការបោះឆ្នោតជ្រើសរើសតំណាងរាស្រ្ត។ សមាជិកតំណាង​រាស្ត្រថ្មីបន្ទាប់ពីបានជាប់ឆ្នោត ហើយក៏ក្រឡាស់ធ្វើជាលែងទទួលស្គាល់អ្នកដែលធ្លាប់ជួយខ្លួន។
សមដឹងខ្លួនហើយពោលថា៖ តទៅមុខ លែងបណ្តោយឲ្យពួកអ្នកនយោបាយបោកប្រាស់​ទៀតហើយ។ សមនឹកមមៃថា៖ ឱហ្ន! អ្នកនយោបាយវាក្លាយទៅជាអ្នកនយោបោកទេតើហ្ន៎!។
នាងសយមានគភ៌គ្មានលុយទិញថ្នាំសង្កូវផឹក។ ដល់គ្រប់ខែត្រូវឆ្លងទន្លេសមទៅពឹងគ្រូពេទ្យ​នរាឲ្យជួយ តែគេមិនបានសម្រេចនាងសយក៏ស្លាប់ក្នុងពេលសម្រាលទៅ។
បន្ទាប់ពីប្រពន្ធស្លាប់ទៅសមក៏ប្រកបមុខរបរធាក់ស៊ីក្លូទៀតតែមិនសមប្រកប។ សមបានទៅ​ពឹងពាក់លោកយ៉េងជាតំណាងរាស្រ្តដែលសមធ្លាប់ជួយក្នុងពេលបោះឆ្នោត តែអកុសលលោក​យ៉េងបែរជាធ្វើមិនស្គាល់សមទៅវិញ។
បន្ទាប់មកសមក៏ក្លាយជាមនុស្សអនាថា គ្មានទីជម្រកគ្មានអ្វីសម្គាល់ខ្លួនត្រូវប៉ូលីសចាប់ឃុំ​ខ្លួនអស់ពីរបីថ្ងៃទើបដោះលែងវិញ។
ដោយខ្លួនគ្មានទីពឹង ហើយការស្រេកឃ្លានធ្វើទុក្ខខ្លាំងពេកសមក៏ដាច់ចិត្តទៅប្រកបរបរចោរ​ឆក់។
បន្ទាប់ពីការបំភ្លឺរបស់ម៉ី សមក៏យល់ព្រមយករបស់របរដែលនៅសេសសល់ទៅប្រគល់ឲ្យ​ម្ចាស់ដើមវិញ។ តែលោកឧកញ៉ាសំបូរសម្បត្តិមិនព្រមក៏ចាប់បញ្ជូនទៅឲ្យភ្នាក់ងារប៉ូលីសក៏ចាប់​ឃុំ​ឃាំងក្នុងគុក៦ខែ។
សមដើរឆ្លងផ្លូវត្រូវឡានរបស់លោករដ្ឋមន្ត្រីវ័យក្មេងបុក។ លោករដ្ឋមន្ត្រីក៏នាំសមទៅមន្ទីរ​ពេទ្យ ហើយជួយឲ្យសោហ៊ុយចំនួន៥០០រៀល ព្រមទាំងបានផ្តាំឲ្យសមទៅរកគាត់កុំបីខាន។ តែ​សមបែរជាប្រកែកមិនយកលុយហើយឲ្យលោករដ្ឋមន្ត្រីជួយរកការងារធ្វើ។ លោករដ្ឋមន្ត្រីបានឲ្យ​សមទៅនៅថែផ្ទះលោកសមក៏បានសុខកាយសប្បាយចិត្តចាប់ពីពេលនោះមក។
ក្រោយពេលដែលស្រុកទេសទទួលបានឯករាជ្យ សន្តិភាពពេញបរិបូរក្រោមព្រះរាជបូជនីយ​កិច្ចរបស់អង្គសម្តេចឪ សមក៏បានវិលទៅប្រកបការងារជាកសិករនៅស្រុកកំណើតវិញដោយរីក​រាយ ព្រោះរដ្ឋាភិបាលសង្គមរាស្រ្តនិយមបានបំពេញបំណងរាស្រ្ត។
ក្រោមព្រះរាជបូជនិយកិច្ចដឹកនាំរបស់អង្គសម្តេចឪ ទីក្រុងភ្នំពេញបានរីកចម្រើនលើគ្រប់ផ្នែក​ គ្រប់វិស័យ។ ព្រះអង្គបានរៀបចំឲ្យមានសមាជជាតិ គឺនៅពេលនោះមានសមាជជាតិលើកទី៩។
ប្រធានរឿង៖ ដំណើររឿងឃើញថា ប្រធានរឿងទាក់ទងទៅនឹងវាសនាតោកយ៉ាកក្រីក្ររបស់​ប្រជាកសិករក្រោមរបបអាណានិគមនាយទុន និងបង្ហាញពីមាគា៌ដឹកនាំដ៏ភ្លឺស្វាងរបស់​សម្តេចឪ។
មូលបញ្ហា៖ ការតស៊ូផ្នែកជីវភាព និងផ្នែកឧត្តមគតិរបស់អ្នកក្រីក្រក្រោមរស្មីនៃរបបសង្គម​រាស្រ្តនិយម។

រឿង មាលាដួងចិត្ត

ប្រភព៖ ប្រទេសកម្ពុជា
ប្រភេទ៖ អក្សរសិល្បិ៍ទំនើបបែបប្រលោមលោកមនោសញ្ជេតនា និងប្រវត្តិសាស្រ្ត
ចលនា៖ ខេមរនិយម
អ្នកនិពន្ធ៖ នូ ហាច
កាលកំណត់តែង៖ ១៩៧២


សង្ខេបរឿង
ទីឃាវុធជាសិស្សរៀននៅវិទ្យាល័យព្រះស៊ីសុវត្ថិថ្នាក់ទី២ទំនើប។ ទីឃាវុធជាមនុស្សដែល​មានអារម្មណ៍អណ្តែតអណ្តូង ចូលចិត្តការស្តាប់ចម្រៀងសៀម។ ពេលវិស្សមកាល ទីឃាវុធ​បាន​ទៅលេងឪពុកម្តាយនៅភូមិអូតាគី ខេត្តបាត់ដំបង។ ពេលធ្វើដំណើរតាមរថភ្លើងបានជួបកញ្ញាជន​ជាតិសៀមម្នាក់មានរូបសម្រស់ល្អផូរផង់ជាងនារីក្នុងសុបិនទៅទៀត។ នាងនោះឈ្មោះចន្ទមណី។ អ្នកទាំងពីរសាសងគ្នាពីនេះពីនោះ ស្រាប់តែរថភ្លើងមកដល់ចំណតតែម្តង។ ទីឃាវុធនឹកស្តាយ​មិន​ចង់ឃ្លាតឡើយ។
បុរសចំណាស់ម្នាក់កំពុងឈររេរា ឈ្មោះទេពកោសល្លវិចិត្រករ ជាឪពុកនាងចន្ទមណីដែល​ភៀសខ្លួនមកនៅស្រុកខ្មែរ ដោយរាជរដ្ឋាភិបាលសៀមចោទប្រកាន់គាត់ថាជាអ្នករួមគំនិតបះបោរ​ប្រឆាំងនឹងរដ្ឋាភិបាលសៀម។ នាងចន្ទមណីបានណែនាំឪពុកនាងឲ្យស្គាល់ទីឃាវុធ ដែលបាន​ជួយយកអាសារនាងក្នុងពេលធ្វើដំណើរ។ អ្នកទាំងបីស្វាគមន៍គ្នារួចក៏បែកគ្នាទៅកាន់លំនៅ​រៀងៗ​ខ្លួន។ ចាប់តាំងពីពេលនោះមក ទីឃាវុធពុំបានជួបមុខនាងចន្ទមណីទៀតទេ។
ថ្ងៃមួយនៅពេលសម្រាកពីការសិក្សា ទីឃាវុធទៅមើលកុន ស្រាប់តែបានជួបពីរនាក់ឪពុក និងកូនម្តងទៀត។ នាងចន្ទមណីបានបបួលទីឃាវុធទៅលេងផ្ទះនាង។ ចាប់ពីពេលនោះមកទីឃា​វុធបានចេញចូលផ្ទះនាងយ៉ាងញឹកញាប់ ធ្វើឲ្យអ្នកទាំងពីរកាន់តែជិតស្និទ្ធឡើងពីមួយថ្ងៃទៅមួយ​ថ្ងៃ ហើយទីឃាវុធបានខិតខំប្រឹងប្រែងរៀនសូត្រទ្វេឡើង។ ក្នុងឱកាសវិស្សមកាលក្រុមគ្រួសារ​របស់នាងចន្ទមណីបានបបួលទីឃាវុធទៅលំហែកាយនៅសៀមរាបអង្គរ។ ពេលធ្វើដំណើរនេះ​មានគ្រួសារវេគីបាននាំដំណើរទស្សនាគ្រប់ប្រាសាទទាំងអស់រហូតដល់ភ្នំគូលែន។ គូស្នេហ៍ទាំងពីរ​បានបន់ស្រន់ចំពោះព្រះភក្ត្រព្រះអង្គធំ សូមឲ្យសេចក្តីស្នេហាគេទាំងពីរបានសម្រេចដូចបំណង ​និងទទួលបាននូវសេចក្តីសុខ។
ក្រោយពេលត្រឡប់មកពីដំណើរកំសាន្តវិញ ទីឃាវុធខិតខំប្រឹងប្រែងរៀនសូត្ររហូតប្រឡង​ជាប់ជាស្ថាពរ។ គេសប្បាយរីករាយជាពន់ពេក បាននាំដំណឹងល្អនេះទៅប្រាប់នាងចន្ទមណី តែ​បែរ​ជាធ្វើឲ្យចិត្តនាយប្រែជាស្រពាប់ស្រពោនទៅវិញ ដោយសារនាងចន្ទមណី និងឪពុកត្រឡប់ទៅ​ស្រុកកំណើតវិញព្រោះម្តាយនាងមានជំងឺ ហើយលោកទេពកោសល្លត្រូវរួចពីទោសផង។
តាំងពីពេលនោះមកស្នេហាអ្នកទាំងពីរត្រូវឃ្លាតឆ្ងាយ ចំណែកប្រទេសជាតិក៏មានភាពច្របូក​ច្របល់ដែរ សាលាត្រូវបិទទ្វារព្រោះគ្រូបង្រៀនមានកាតព្វកិច្ចបម្រើផ្នែកកងទ័ពវិញ។ ទីឃាវុធ​សម្រេចចិត្តឈប់រៀនហើយត្រឡប់ទៅស្រុកកំណើតវិញដោយសភាពការណ៍ក្នុង និងក្រៅប្រទេស​មិនស្រួល ហើយបានដាក់ពាក្យសុំធ្វើការងាររដ្ឋបាលជាបាល័ដ្ឋនៅខេត្តពោធិ៍សាត់។
ទីឃាវុធបានជួលផ្ទះមីងក្អាត់ ពូហ៊ីតស្នាក់អាស្រ័យ។ ការធ្វើការងារនៅខេត្តពោធិ៍សាត់ គេ​បានជួបប្រទះតែអំពើពុករលួយ ពាលាអាវាសែ។ ម្យ៉ាងទៀតបានទទួលដំណឹងពីសម្លាញ់វេគី ដែល​ជាគិញសម្ងាត់នោះថា នាងចន្ទមណី និងឪពុកនាងធ្វើការជាចារបុរស ចារនារី មកយកការណ៍នៅ​ស្រុកខ្មែរធ្វើឲ្យទីឃាវុធមានការខឹងសម្បារជាខ្លាំង ក៏បានស្ម័គ្រចិត្តចូលបម្រើកងទ័ព។
ការប្រយុទ្ធគ្នាបានផ្ទុះឡើង ធ្វើឲ្យទ័ពខាងយើង​មានរបួស និងស្លាប់ជាច្រើននាក់។ ក្នុងចំ​ណោមអ្នករងគ្រោះ ទីឃាវុធត្រូវរងរបួសធ្ងន់ជាងគេ តែត្រូវបាននាងចន្ទមណីបរិច្ចាគឈាមឲ្យ និង​ព្យាបាលជំងឺ ទើបទីឃាវុធបានជាសះស្បើយ។ ទីឃាវុធមិនបានត្រេកអរចំពោះការជួយសង្គ្រោះ​ជីវិតពីនាងទេ ថែមទាំងបានប្រើសម្តីគំរោះគំរើយ អសីលធម៌ឲ្យនាងថែមទៀតផង តែនាងមិនខឹង​នឹងកម្លោះទេ ព្រោះនាងមានហេតុផលច្បាស់លាស់។
ពេលត្រឡប់ពីសង្គ្រាមវិញ ទីឃាវុធបានទទួលតំណែងជាចៅហ្វាយស្រុកពួក។ ពេលនោះ​ព្រំ​ប្រទល់ខេត្តខ្លះដូចជាបាត់ដំបង មួយភាគនៃពោធិ៍សាត់ខេត្តកំពង់ធំ ស្ថិតនៅក្រោមការកាន់កាប់​របស់សៀម ធ្វើឲ្យប្រជាជនមានការលំបាកចេញចូល​ប្រកបរបរកសិកម្ម កំលោះរូបនេះត្រូវបានបង្ខំ​ចិត្តរាប់អានជាមួយនាយអាំភើ និងនាងចុលានន្ទ ជាជនជាតិសៀម ដោយធ្វើការចេញចូលទៅមក​ផ្ទះរបស់គេមិនដែលដាច់។
ថ្ងៃមួយនាយអាំភើបាននាំឪពុកមា និងប្អូនស្រីមកស្រុកខ្មែរទស្សនាអង្គរ ទីឃាវុធបានចាត់​ចែងជូនដំណើរគ្រួសារនាយអាំភើ ដើម្បីតបស្នងដែលគេបានធ្វើល្អមកលើខ្លួន។ ទីឃាវុធមានការ​សោកស្តាយណាស់ដោយសម្លាញ់វេគីបានផ្តល់ដំណឹងខុសពីរឿងនាងចន្ទមណីនិងឪពុក។ ទីឃា​វុធចង់ធ្វើការសុំទោសនាង​ តែពុំមានឱកាសសោះ។ ពេលទៅដល់របាយការណ៍ក្រោយពីទទួល​ទានអាហាររួចចុះងូតទឹក កំពុងតែបណ្តែតអារម្មណ៍ ស្រាប់តែនាងចន្ទមណីហែលទឹកមករកទីឃា​វុធចង់សួររឿងរ៉ាវខ្លះៗ។ ទីឃាវុធបាននិយាយសុំទោសនាង តែពុំព្រមទទួលនាងធ្វើជាសង្សារជាថ្មី​ទេ ព្រោះគេបានសច្ចាចំពោះព្រះភ័ក្រ្តបដិមានៅអង្គរថា បើសៀមប្រគល់ខេត្តដែលគេយកទៅឲ្យ​មកខ្មែរវិញ ទើបរាប់អានសៀមជាមិត្តបាន។
សង្រ្គាមត្រូវបានបញ្ចប់ សៀមបានប្រគល់ទឹកដីឲ្យមកខ្មែរវិញ ដោយមានលោកជូឡុង​តំណាងរាជរដ្ឋាភិបាល និងលោកឧកញ៉ាដឺហ្សុងគ្ឃែរ ជាអ្នកចុះហត្ថលេខាទទួលយកដីខ្មែរមកវិញ
នៅក្រោមការដឹកនាំយ៉ាងសកម្មរបស់មន្ត្រីខ្មែរ ប្រទេសជាតិមានការរីកចម្រើនជាបន្តបន្ទាប់​ដែរ។ លោកទេពកោសល្លបានសុំសិទ្ធិកាន់កាប់ដីធ្លីដែលគាត់បានទិញពីមុនមក។ សេចក្តីស្នេហា​របស់ទីឃាវុធ និងនាងចន្ទមណីបានចេញជាពន្លកភ្លឺចិញ្ចាចឡើងវិញនៅក្រោមដំបូលវិហារមួយ ដោយមានការបួងសួងសូមឲ្យស្នេហារបស់គេបានសុខសាន្តជារៀងរហូត។
ប្រធានរឿង៖ ដំណើររឿងឆ្លុះបញ្ចាំងពីឧត្តមគតិស្នេហាជាតិ (គិតប្រយោជន៍ជាតិជាធំ) ជាង​ប្រយោជន៍ផ្ទាល់ខ្លួន។
មូលបញ្ហារឿង៖ តាមរយៈប្រធានរឿង យើងអាចទាញមូលបញ្ហារឿងដូចខាងក្រោម
ការទាមទារសិទ្ធិសេរីភាព បូរណភាពដែនដី
បញ្ហាស្នេហាកម្លោះក្រមុំខុសសញ្ជាតិ
អំពើពុករលួយរបស់មន្ត្រីខ្មែរក្នុងជួររាជការ
ប្រវត្តិសាស្ត្រខ្មែរសៀម និងសង្គ្រាមលោកលើកទី២

រឿង មរណមាតា

ប្រភពរឿង៖ គម្ពីរភាសាបាលី “ចេតនាពុទ្ធា”
ប្រភេទ៖ ពាក្យកាព្យ
អ្នកនិពន្ធ៖ ភិក្ខុ អ៊ុក
កាលកំណត់តែង៖ ព.ស ២៤២០ គ.ស ១៨៧៧ (ក្នុងរជ្ជកាលព្រះបាទសម្តេចព្រះនរោត្តមបរមរាមាទេវតា “ព្រះសុវណ្ណកោដ្ឋ”)
សង្ខេបរឿង
កាលព្រះបរមសាស្តាគង់នៅវត្តវេឡុវ័នទៀបក្រុងរាជគ្រឹះ ព្រះអនុរុទ្ធត្ថេរ​ បានទូលសួរអំពីកំ​ណើតសត្វដែលផ្សេងគ្នាដោយអាយុ រូបរាអ និងទ្រព្យសម្បត្តិ។ល។ ព្រះអង្គទ្រង់សម្តែងថា “ជន​ណាបានពិចារណាទ្វត្តិង្សាការ កម្មដ្ឋាន មានកេសា លោមា នទា ទន្តា តចោ ជាដើម ជននោះនឹង​បានរួចចាកទុក្ខដូចនាងមរណមាតាដែលបានភាវនាហទយំៗ នាងកើតឡើងជាមនុស្សមានចិត្តទិព្វ​ល្អ ទោះបីមានជនចិត្តអាក្រក់ធ្វើបាបនាងយ៉ាងណាក៏គង់រួចចាកទុក្ខបាន” ហើយទ្រង់នាំអតីតនិ​ទានថា៖
ក្នុងកាលកន្លងទៅយូរហើយ មានព្រះរាជាមួយព្រះអង្គព្រះនាមវិមលធម្មរាជសោយរាជ្យក្នុងវិទ​ហនគរ។ គ្រានោះមានបុរសម្នាក់ឈ្មោះកុល្លិយៈ ប្រពន្ធឈ្មោះនាងកែវកេសីជារាជបម្រើ។ ព្រះរាជា​ទ្រង់តាំងឲ្យធ្វើជាមេស្រុកនៅស្រុកមួយ។ កុល្លិយៈ និងនាងកែវកេសីមានកូនស្រីមួយឈ្មោះកុល​កេសី។ នៅជិតផ្ទះនោះមានបុរសកំសត់ម្នាក់មានកូនប្រុសមួយឈ្មោះកុដុម្ពីក៍កុមារ។ កុមារបានស្រឡាញ់នាងកុលកេសីក្នុងពេលដែលទៅចាំចាបឯស្រែ។ អ្នកទាំងពីរបានពង្រាត់គ្នានៅក្នុងជនបទមួយឈ្មោះកាសីជាស្រុកចោរ។ ពួកចោរចាប់ចងកុដុម្ពីក៍ នាងកុលកេសីយកចិញ្ចៀនមាសមួយទៅជូនមេស្រុកសុំលោះប្តី មេស្រុកបង្គាប់ពួកចោរឲ្យដោះលែង។ អ្នកទាំងពីរសុំមេស្រុកធ្វើជាឪពុកធម៌។ មេស្រុកប្រគល់ទ្រព្យសម្បត្តិ និងទាសី កម្មករឲ្យ។ នាងកុលកេសីបានសុំឪពុកធម៌ទៅតាំងនៅភូមិថ្មី១ បានជាអ្នកមានទ្រព្យសម្បត្តិស្តុកស្តម្ភ។ ដោយកុដុម្ពីក៍មានប្រាក់រាប់កោដិ អ្នកស្រុកឲ្យឈ្មោះថាកុលកោដិកុដុម្ពីក៍ៗមានកូនស្រីមួយឲ្យឈ្មោះនាងកុមារី។ ក្រោយពីមេស្រុកដែលជាឪពុកធម៌ស្លាប់ទៅ កុលកោដិកុដុម្ពីក៍បានជាធំក្នុងស្រុកនោះ។
កាលនាងកុមារីបានអាយុ៧ឆ្នាំ មានស្រ្តីមេម៉ាយឈ្មោះកាឡី មានកូនស្រីពីរនាក់ កូនបងឈ្មោះចន្ទី កូនប្អូនឈ្មោះចន្ទាសាលិនី។ មេកាឡីមានបងស្រីម្នាក់ឈ្មោះកាលីនិយា។ មេកាឡីចេះតែមក​ប្រលោមកុលកោដិកុដុម្ពីក៍។
កុលកោដិកុដុម្ពីក៍ក៏យកមេកាឡីនោះជាប្រពន្ធចុង មិនយូរប៉ុន្មានកុលកោដិកុដុម្ពីក៍ធ្លាក់ខ្លួនជាអ្នកក្រ។ ដោយមេកាឡីមួលបង្កាច់កុដុម្ពីក៍ក៏ជេរវាយនាងកុលកេសីរាល់ថ្ងៃ ទីបំផុតកុដុម្ពីក៍នាំនាង​កុលកេសីទៅបង់ត្រី វាយទម្លាក់ទឹកស្លាប់ទៅ។ នាងកើតជាត្រីដំរីនៅកំពង់ទឹកនោះ។
លុះកុដុម្ពីក៍ត្រឡប់មកផ្ទះវិញ នាងកុមារីពុំឃើញម្តាយក៏យំរត់ទៅរកឯកំពង់ទឹក បានដឹងដោយនាងទេពធីតាប្រាប់ថា ម្តាយស្លាប់កើតទៅជាត្រីដំរីហើយ នាងស្រែកហៅម្តាយៗហែលមកជិតប្រាប់កូនអំពីប្រវត្តិខ្លួនសព្វគ្រប់។ តាំងពីនោះមកគេហៅនាងកុមារីជាមរណមាតា។ នាងតែងធ្វើការផ្សេងៗមានឃ្វាលគោជាដើមដោយកំសត់ពន់ពេក។ រាល់ថ្ងៃ នាងតែងយកកន្ទក់បាចឲ្យត្រីដំរី។ មេកាឡីឲ្យកូនយកកន្ទក់ទៅបញ្ឆោតចាប់ត្រីដំរីមកសម្លាប់។ គ្រានោះមានទាញីមួយហួរស្រកាពីរទៅដាក់នៅមុខនាងៗស្គាល់ជាស្រកាម្តាយ នាងក៏យកទៅដាំដុះជាដើមត្របប់ពីរដើមមានផ្លែផ្កាល្អ ហើយនាងគោរពប្រណិប័តន៍រាល់ថ្ងៃ។ មេកាឡីដឹងយកដើមត្រប់ទាំងឫសគល់ទៅបុកក្នុងត្បាល់។ គ្រានោះមានឆ្មាញីមួយ ពាំឫសគ្រប់ពីរទុកឲ្យនាងៗយកឫសត្រប់ទាំងពីរនោះទៅដាំ។ ដោយអំណាចអានិសង្ឃដែលនាងបានភាវនាទ្វត្តិង្សាការកម្មដ្ឋានថាហទយំៗពីជាតិមុនគេ ឲ្យនាងមានជាតិជាទិព្វ នាងបួងសួងដល់មាតាហើយដាំទៅ ឫសត្រប់នោះដុះភ្លាមកើតជាដើមរលួសពីរដើម មានស្លឹកពណ៌ល្អដូចមាស ហើយមាតានាងកើតជាទេព្តានៅចាំរក្សាទីនោះ។ ស្លឹករលួសនោះខ្យល់បកមកលឺសូរដូចប្រគំតន្ត្រី។ នាងមរណមាតានមស្ការដើមរលួសរាល់ព្រឹកល្ងាច។
វេលាមួយព្រះបាទវិមលធម្មរាជ ស្តេចចេញប្រពាតព្រៃ ទ្រង់ទតឃើញដើមរលួសនោះ ទ្រង់ជ្រាបថាជារបស់នាងមរណមាតា ទ្រង់ឲ្យហៅនាង។ នាងក៏ទៅថ្វាយបង្គំស្តេច។ ទ្រង់សុំដើមរលួសនោះ រួចទ្រង់ឲ្យពលជីកគាស់ តែពុំរបើក លុះតែនាងមរណមាតាបួងសួងទើបរលួសរដុះឡើង អណ្តែតលើអាកាសតាមស្តេចទៅព្រះរាជវាំង ដល់ហើយដើមរលួសឋិតនៅលើអាកាសមិនចុះមកដី លុះតែព្រះរាជាឲ្យយកនាងមរណមាតាទៅក្នុងព្រះរាជវាំង នាងបួងសួងទើបរលួសនោះចុះមកដីឋិតនៅក្នុងអាងមាសសន្មតឈ្មោះសុវណ្ណរាជព្រឹក្ស។ ព្រះរាជាទ្រង់អភិសេកនាងមរណមាតាជាអគ្គមហេសី ហើយទ្រង់សួរប្រវត្តិព្រះនាងៗក្រាបទូលតាំងពីដើមរហូតដល់ចប់។
ក្រោយមកព្រះរាជាទ្រង់ស្តេចទៅទាក់ដំរី។ មេកាឡីរកឧបាយកលសម្លាប់ព្រះនាងមរណមាតា វាចាត់ការឲ្យរកឩសជីកគុកដាំប្រេងដូងមួយខ្ទះធំ ធ្វើបន្ទប់ដាក់ក្តារគ្របពីលើ ដើម្បីឲ្យនាងដើរជាន់ ធ្លាក់ខ្លួនទៅក្នុងខ្ទះស្លាប់។ ធ្វើស្រេចឲ្យកូនស្រីពីរនាក់ទៅបញ្ឆោតនាងមរណមាតាថាឪពុកឈឺទៀបស្លាប់ ចង់ជួបនាង។ ពួកស្រីក្នុងវាំងក៏ហែរហមព្រះនាងមរណមាតាទៅផ្ទះឪពុក។ មុននឹងទៅជួបឪពុក គេឲ្យព្រះនាងដោះគ្រឿងប្រដាប់ស្រង់ទឹកសិន។ លុះចូលទៅក្នុងបន្ទប់ស្រង់ទឹក ព្រះនាងជាន់ក្តាភ្លាត់ធ្លាក់ព្រះអង្គទៅក្នុងខ្ទះប្រេងដូងក្តៅសុគតទៅ។ មេកាឡីយកគ្រឿងអលង្កានោះបំពាក់មេចន្ទាសាលិនីជាកូនឲ្យទៅជំនួស។ ពួកស្រីស្នំមិនបានជាពិនិត្យក៏នាំចូលព្រះរាជវាំង។ ឯរាជព្រឹក្សទ្រង់យាងត្រឡប់មកព្រះរាជវាំងវិញ ទ្រង់ឆ្ងល់ ទ្រង់រកឱកាសដើម្បីនឹងចាប់ថ្នាក់ឲ្យបាន។
ក្រោយពីនាងមរណមាតាសុគតទៅ គេបានយកអដ្ឋិធាតុទៅចោលក្នុងព្រៃស្មសាន ហើយនាងទេពធីតាមួយអង្គឈ្មោះគិរីមេខលា ឋិតនៅដើមជ្រៃក្នុងព្រៃនោះបានយកឱសថទិព្វមកដាក់ឲ្យរស់ឡើងវិញល្អលើសដើម។ នាងទេពធីតាប្រាប់ព្រះនាងថា បើនៅជាមនុស្ស ពេលទៅនគរវិញគេពុំជឿទេ ត្រូវព្រះនាងបរិភោគឱសថឲ្យក្លាយទៅជាសារិកាទើបចូលបាន។ លុះបរិភោគឱសថក្លាយទៅជាសារិកាហើយ ទើបហើរចូលទៅក្នុងវាំង។ នាងសារិកាទូលប្រវត្តិរបស់ព្រះនាងថ្វាយព្រះមហាក្សត្រជ្រាបសព្វគ្រប់។ ព្រះរាជាទ្រង់ស្រឡាញ់ ទ្រង់យកចិញ្ចៀនមាសមួយវង់បំពាក់ជើងដាក់ក្នុងទ្រុងមាសនៅក្នុងព្រះរាជវាំង។ នាងសារិកាបួងសួងសុំដើមរាជព្រឹក្សៗក៏លូតលាស់ មានស្លឹកផ្កែផ្កាល្អដូចដើម។
ព្រះរាជាទ្រង់ឲ្យពេជ្ឈឃាតសម្លាប់មេចន្ទាសាលិនី ធ្វើផ្អកដាក់ពាងទាំងក្បាលផ្ញើទៅម្តាយឪពុកប្រាប់ថាកូនផ្ញើមកជូនកុដុម្ពីក៍ៗលូកដឹងថាកូនស្លាប់ក៏ប្រញាប់នាំកូន និងប្រពន្ធទៅជ្រកក្នុងព្រៃស្មសាន គ្រោះជួបនឹងតាបសម្នាក់​ហើយនៅក្នុងព្រៃនោះទៅ។
ព្រះរាជាឲ្យអាមាត្យវិនិច្ឆ័យក្តីយាយអករ៍ដែលឲ្យគេបញ្ឆោតយកព្រះនាងមរណមាតាទៅសម្លាប់។ អាមាត្យកាត់សេចក្តីថា យាយអករ៍មានទោសដល់ស្លាប់។ យាយអករ៍នោះមានកូនស្រីមួយឈ្មោះនាងឆន្ទា ជាសាវឡិកព្រះរាជាដែលត្រូវស្តេចបណ្តេញចេញ នាងនោះខឹងថាមកពីនាងសារិកាអុចអាលបានជាគេសម្លាប់ម្តាយខ្លួន ក៏គុំសម្លាប់នាងសារិកា។
ថ្ងៃមួយ ព្រះវិមលធម្មរាជស្តេចចេញទៅបង្ក្រាបចោរនៅជនបទ ទុកនាងសារិកានៅក្នុងវាំង។ នាងឆន្ទាបានឱកាសក៏ចូលទៅលួចនាងសារិកាបានឲ្យទៅទាសីសម្លាប់ស្លស៊ី។ ទាសីបោចសារិកាហើយចុះទៅដី នាងសារិកាលបរត់ចូលទៅក្នុងរូងកណ្តុរស។ ស្តេចកណ្តុរសយកនាងទៅចិញ្ចឹមទាល់តែដុះស្លាបឡើងវិញ។ ស្តេចកណ្តុរសខឹងណាស់ ទៅខាំនាងឆន្ទាដាច់ច្រមុះស្លាប់ទៅ។ នាងសារិកា និងស្តេចកណ្តុរសចេញទៅជួបពស់មួយធំ ប៉ងនឹងចឹកនាងតែបានតាដក់ធំមួយខាំពស់នោះស្លាប់បាត់ទៅ។ បន្ទាប់ពីនោះមក ព្រះឥន្ទបើកភ្នែកទិព្វចក្ខុមកឃើញនាងសារិកា ក៏ចុះមកនិមិ្មតជាខ្លាធំមួយ លោតឡើងមែកជ្រៃ សុំផ្លែជ្រៃមែកទីសបស្ចឹមក្លាយជាបក្សីៗលោតទៅស៊ីផ្លែជ្រៃមែកទិសឧត្តរក្លាយជាប្រើសមាសៗស៊ីផ្លែជ្រៃទិសបូពា៌ ក្លាយជាស្វាៗស៊ីផ្លែជ្រៃទិសទក្សិណ ក្លាយជាមនុស្សរូបល្អ ព្រមទាំងមានគ្រឿងអលង្ការ។ នាងសារិកាឃើញសព្វគ្រប់បានធ្វើត្រាប់តាមលំដាប់ ក៏ក្លាយជារូបរាងផ្សេងៗ ទីបំផុតក្លាយជាមនុស្សស្រី ហើយបេះផ្លែជ្រៃវេចទុកដើរទៅជួបតាបសម្នាក់ឈ្មោះមិត្តាជិនៗសួរហេតុសព្វគ្រប់ក៏នាំនាងទៅចិញ្ចឹមនៅក្នុងអាស្រម។
ក្រោយមកតាបសមិត្តាជិនទៅកាន់ព្រះបោក្ខរណី បានឃើញកុមារមួយរូបកើតក្នុងផ្កាឈូក បានយកមកឲ្យនាងចិញ្ចឹម​ ឲ្យឈ្មោះបុទុមកុមារៗធំឡើងសាកសួរនាងៗប្រាប់ពីប្រវត្តិសព្វគ្រប់ បុទុមកុមារលាមាតា និងមហឥសីទៅរកព្រះបិតាឯវិទហនគរ យកទាំងព្រះទម្រង់ដែលចងនឹងព្រះមាតាកាលនៅជាសារិកា និងផ្លែជ្រៃទៅផង។ វេលានោះមានស្តេចប្រើសមាសមួយមកធ្វើជាជំនិះបញ្ជិះកុមារទៅរកបិតា។ លុះបានជួបព្រះបិតាហើយ ក៏យាងព្រះបិតាមកហែហមព្រះមាតាទៅសោយរាជ្យក្នុងវិទេហនគរប្រកបដោយទសពិធរាជធម៌។ កាលបើព្រះនាងបានជួបព្រះភស្តាហើយបានសោយរាជ្យជាសុខ ព្រះនាងនឹកដល់គុណទា ឆ្មា និងស្តេចកណ្តុរក៏ព្រះរាជទាននំចំណីដល់សត្វទាំងនោះ ព្រមទាំងចំណាយព្រះរាជទ្រព្យ ព្រះរាជទានដល់អ្នកកំសត់ទុគ៌តជានិរន្តរ៍ ហើយគង់នៅជាសុខសប្បាយដរាបដល់សោយព្រះវិលាល័យទៅហោង។

ប្រធានរឿង៖ និយាយពីខ្សែជីវិតរបស់នាងមរណមាតា។
មូលបញ្ហារឿង៖
ការផិតក្បត់ប្រពន្ធ បណ្តាលឲ្យគ្រួសារវិនាស កូនៗរងទុក្ខវេទនា
ភាពមិនរឹងមាំរបស់មេគ្រួសារ
ការឈ្នានីសលើកូនដើមពីសំណាក់ម្តាយ និងកូនចុង
សកម្មភាពតស៊ូរបស់នាងកុមារីដែលស្លាប់ម្តាយ ហើយឪពុកជឿលើសំដីប្រពន្ធចុង បោះបង់ និងធ្វើបាបនាង ប៉ុន្តែដោយការព្យាយាមមិនរួញរា ធ្វើឲ្យនាងរួចចាកទុក្ខទោស និងទទួលបានការអាណិតអាសូរពីគេ
ជីវិតរបស់នាងមរណមាតានៅក្នុងរាជវាំង។

រឿង ហង្សយន្ត

ប្រភពរឿង៖ តាមការវិភាគរបស់លោកបណ្ឌិត ឃីង ហុកឌី បានបញ្ចេញមតិថារឿងនេះប្រាកដជាស្នាដៃរបស់ខ្មែរ រួចមានគេលួចប្រែជាភាសាសៀម ទើបអ្នកនិពន្ធខ្មែរត្រូវបកប្រែមកជា ពាក្យខ្មែរវិញ ដើម្បីកុំឲ្យបាត់បង់សម្បត្តិអក្សរសាស្ត្រខ្មែរ។
ប្រភេទរឿង៖​ កាព្យនិទាន ឬប្រលោមលោកបែបបុរាណ ឬសាស្ត្រាល្បែង។
ចលនា៖ ពុទ្ធនិយម។
អ្នកនិពន្ធ៖ ចៅយមបុណ្យភក្តិឧក។
កាលកំណត់តែង៖ ស.វទី១៧។
សង្ខេបរឿង
ក្នុងអតីតកាលដ៏យូរលង់មានមហាក្សត្រមួយអង្គព្រះនាមអាទិត្យវង្សាសោយរាជ្យនៅនគរទេពបុរី។ មហាក្សត្រអង្គនោះជាស្តេចមានប្ញទ្ទិចេស្តា មាននគរចំណុះ១០១ និងមានស្រីស្នំ៦០០០នាក់ ទ្រង់មានមហេសីព្រះនាមព្រះនាងពិម្ពា។ តែជាអកុសលគឺទ្រង់ពុំមានព្រះរាជបុត្រមួយអង្គសោះ សម្រាប់ស្នងរាជ្យ ធ្វើឲ្យទ្រង់មានក្តីកង្វល់ជាពន់ពេក។ សម័យថ្ងៃមួយទ្រង់បានពិគ្រោះដោះស្រាយ​ជាមួយនាម៉ឺនសព្វមុខមន្ត្រីអំពីបញ្ហានេះ ទើបលោកមន្ត្រីមួយរូបលើកយោបល់ថាគួរមានពិធីបន់ស្រន់ថ្វាយទេព្តាសុំបុត្រាដោយឲ្យព្រះមហេសី និងស្រីស្នំទាំងអស់ចាំសីលភាវនា។
ស្នំទាំងអស់ពិសេសព្រះនាងពិម្ពា បានប្រតិបត្តិការបួងសួងយ៉ាងយកចិត្តទុកដាក់រហូតធ្វើឲ្យកក្រើកដល់ឋានទេព្តា ពេលនោះព្រះឥន្ទកោសីយក៏បានទៅអាធនាទេវបុត្រឲ្យមកចុះចាប់បដិសន្ធិក្នុងគភ៌ព្រះនាងពិម្ពាជាបុត្រារបស់ព្រះអាទិត្យវង្សា។ លុះព្រះរាជបុត្រគ្រប់ទសមាសទ្រង់ប្រសួតមកមានព្រះកាយភ្លឺដូចមាស ទើបព្រហ្មណ៍បុរោហិតទាំងឡាយដាក់ព្រះនាមថាសុវណ្ណកុមារ។
ព្រះសុវណ្ណកុមារទ្រង់ចម្រើនវ័យវឌ្ឍការក្រោមការបីបាត់ដ៏ល្អឥតខ្ចោះ។ នៅពេលព្រះសុវណ្ណកុមារពេញវ័យព្រះបាទអាទិត្យវង្សា ទ្រង់មានបំណងជ្រើសមហេសីថ្វាយបុត្រាក៏បង្គាប់ក្សត្រចំណុះទាំង១០១នគរ នាំបុត្រីមកឲ្យព្រះសុវណ្ណកុមារជ្រើសរើស។ តែពុំមានក្សត្រីអង្គណាជាទីពេញព្រះទ័យនៃព្រះសុវណ្ណកុមារឡើយ មានតែទទួលក្តីអាម៉ាសដោយការត្មិះដៀលពីព្រះសុវណ្ណកុមារទៅវិញដែលធ្វើឲ្យព្រះបាទអាទិត្យវង្សាមានការពិរោធនឹងទ្រង់ជាខ្លាំង។
ចំណេរកាលតមកមិនយូរប៉ុន្មាន ក្នុងរាជវាំងមានជាងទងពីរនាក់មានជំនាញរៀងៗខ្លួនក្នុងការកសាងជាវត្ថុសិល្បៈផ្សេងៗមានទំនាស់គ្នារវាងចំណេះរៀងៗខ្លួនដែលនាំឲ្យលឺដល់ព្រះមហាក្សត្រ ទ្រង់ក៏ចាត់ចែងឲ្យជាងទាំងពីរប្រឡងសាកល្បងគ្នា ដោយទ្រង់ប្រទានសម្ភារៈតាមតម្រូវការ។ ជាងម្នាក់បានសាងសង់ជាពិមានដែលរំលេចដោយក្បូរក្បាច់រចនាល្អគ្មានពីរស្រោបដោយមាស និងត្បូងទទឹមភ្លឺរន្ទាលឆ្អិនឆ្អៅហាក់បីដូចជាទិព្វពិមានរបស់សក្កទេវរាជ។ ចំណែកជាងមួយរូបទៀតសាងរូបបក្សីធ្វើអំពីមាស​រំលេចដោយត្បូងចរណៃ ហើយបក្សីទាំងនោះអាចហោះហើរលើអាកាសបានសព្វទិសា បានតាមចិត្តប្រាថ្នា មានចលនាដូចជាសត្វពិត មានឬទ្ធិដូចសត្វទេព។ ព្រះមហាក្សត្រទ្រង់មានអំណរក្រៃ ហើយទ្រង់បានឲ្យជាងទាំងពីរសហការគ្នាសាងជារូបហង្សយន្ត​ដែលអាចឲ្យមនុស្សជិះបានថ្វាយទ្រង់។ ឯជាងទាំងពីរក៏បានសាងជាបក្សីយន្តតាមព្រះរាជបំណង។ ហង្សយន្តមាសដែលរំលេចទៅដោយក្បូរក្បាច់យ៉ាងវិចិត្រគ្មានពីរភ្លឺរន្ទាលអាចឲ្យមនុស្សអាស្រ័យហោះហើរទៅគ្រប់ទីស្ថានបានតាមចិត្តប្រាថ្នា។ ឯរាជបុត្រកាល ឃើញយានទិព្វក៏ទូលសុំព្រះបិតាបំណងយកយានហង្សយន្តនោះទៅស្វែងរករៀនសិល្ប៍វិជ្ជាការ ចំណេះវិជ្ជាផ្សេងៗ និងរកទេពីជាទីពេញព្រះទ័យ ហើយមាតាបិតាក៏ព្រះរាជទានតាមបំណង។
ក្រោយពីបានហង្សយន្តព្រះសុវណ្ណកុមារ ទ្រង់ធ្វើដំណើរយ៉ាងរីករាយទតធម្មជាតិ ហើយរៀបរាប់សរសើរជាហូរហែ។ លុះបន្ទាប់មកទៀត ទ្រង់ក៏បានដល់បញ្ចាល៍នគរដែលជាទីព្រះបាទបញ្ចាល៍គ្រប់គ្រង។ ទ្រង់បានទៅសំណាក់ជាមួយព្រាហ្មណ៍មួយរូបក្រោយមកជាឪពុកធម៌របស់ទ្រង់។ ដោយទ្រង់ជាបុគ្គលមានភាពឧស្សាហ៍ព្យាយាមក្នុងការសិក្សា ហើយមានប្រាជ្ញាលើសពីមនុស្សទាំងពួងផងទ្រង់ក៏បានរៀនចេះចាំស្ទាត់ជំនាញអំពីវិជ្ជាការទាំងប៉ុន្មានឥតចន្លោះ ហើយត្រូវឪពុកធម៌របស់ទ្រង់នាំទៅថ្វាយព្រះបាទបញ្ចាល៍ ដើម្បីឲ្យសុវណ្ណកុមារកាន់តួនាទីជំនួសលោក ឯព្រះបាទបញ្ចាល៍ទៀតសោតក៏សឹងពេញចិត្តទាំងសមត្ថភាព រូបសម្បត្តិ និងអត្តចរិតរបស់ព្រះសុវណ្ណកុមារជាពន់ពេក តែទ្រង់ពុំជ្រាបថាសុវណ្ណកុមារជាអម្បូរក្សត្រនាំឲ្យទ្រង់ស្តាយ ដែលពុំអាចឲ្យព្រះសុវណ្ណកុមារធ្វើជារាជសុណិសាបាន។
ថ្លែងពីព្រះបាទបញ្ចាល៍ ទ្រង់មានព្រះរាជបុត្រីមួយព្រះអង្គប្រកបដោយរូបសម្បត្តិល្អលើសទេពធីតាឋានសួគ៌ទៅទៀតទ្រង់មានព្រះនាមបុទមកេសរ។ នៅពេលដែលព្រះសុវណ្ណកុមារចូលដល់រាជវាំងព្រះនាងមានការចាប់ព្រះទ័យយ៉ាងចម្លែកទាំងរូបសម្បត្តិ ទាំងចរិយាសម្បត្តិ ប្ញកពាដែលធ្វើឲ្យព្រះនាងយល់ថាព្រះសុវណ្ណកុមារប្រាកដជាចេញមកអំពីត្រកូលនៃរបាក្សត្រណាមួយជាក់ជាមិនខាន។
ដោយទំហំនៃសេចក្តីស្រឡាញ់ចេះតែកើនឡើងពីមួយថ្ងៃទៅមួយថ្ងៃ ធ្វើឲ្យព្រះនាងស្រពាប់ស្រពោនក្រៃ។ ឯនាងភីលៀងកាលបើឃើញម្ចាស់ស្រីមានទុក្ខក៏ធ្វើជាអ្នកនាំពាក្យពីព្រះនាងបុទមកេសរទៅព្រះសុវណ្ណកុមារ ជាប្រការផ្សេងៗ។​ ព្រះសុវណ្ណកុមារក៏បានមកជួប ហើយលួងលោមធីតាក្នុងផ្លូវកាមគុណព្រះនាងចេះតែរកហេតុផលមកពន្យល់ តែព្រះសុវណ្ណកុមារធ្វើជាខឹងទើបនាងព្រម។
ព្រះសុវណ្ណកុមារតែងតែមកជួបធីតាតាមហង្សយន្តជារៀងរាល់រាត្រីរហូតព្រះនាងមានគភ៌ជិតគ្រប់ខែ ទើបបានជ្រាបដល់ព្រះបញ្ចាល៍ ទ្រង់ពិរោធយ៉ាងខ្លាំង ក៏ប្រើល្បិចចាប់ព្រះសុវណ្ណកុមារហើយឲ្យពេជ្ឈឃាដនាំខ្លួនទៅសម្លាប់។
ព្រះសុវណ្ណកុមារទ្រង់មានវិប្បដិសារៈជាពន់ពេក ម្យ៉ាងនឹកដល់មាតាបិតាឯនាយ ម្យ៉ាងស្តាយភរិយា ឯព្រះនាងបុទមកេសរ ក៏ទួញសោកបោកខ្លួនស្តាយសុវណ្នកុមារដែរ។ ឯមាតាព្រះនាងបុទមកេសរក៏ជួយអង្វរសុំការលើកលែងទោស តែព្រះបាទបញ្ចាល៍ពុំព្រមលើកលែងទោសឡើយ។
ថ្លែងពីពេជ្ឈឃាតពេលនាំសុវណ្ណកុមារទៅសម្លាប់ត្រូវសុវណ្ណកុមារបោកបញ្ឆោត ហើយឡើងជិះហង្សយន្តទៅយកព្រះនាងបុទមកេសរ រួចហោះប្រទក្សិណបីជុំប្រាសាទបញ្ចាល៍ ដោយសុវណ្ណកុមារដៀលផ្តាសារ និងគំរាមដោយប្រការផ្សេងៗធ្វើឲ្យព្រះបាទបញ្ចាល៍ភិតភ័យតក្កមា ឯសុវណ្ណកុមារក៏នាំព្រះនាងបទុមកេសរហោះទៅកាន់នគរទេពបុរីរបស់ទ្រង់។ លុះធ្វើដំណើរបាន៧ថ្ងៃ នាងបុទមកេសរក៏ឈឺពោះឆ្លងទន្លេ។ សុវណ្ណកុមារក៏ឈប់សំចតក្នុងខេត្តខណ្ឌហេមពាន្តដ ក្រោមដើមជ្រៃក្នុងព្រៃក្រឹស្ណាខាងឆ្នេរព្រះគង្គារគីស្រះបោក្ខរណី។ ដោយឃើញបទុមកេសរ និងបុត្រាមានភាពរងាញ័រញាក់ សុវណ្ណកុមារបានអាស្រ័យដោយហង្សយន្តទៅយកភ្លើងពីនាយសំពៅនាកណ្តាលមហាសាគរ តែជាកម្មអកុសលព្រះអគ្គីបានឆាបឆេះខ្សែបញ្ជាហង្សយន្ត ធ្វើឲ្យព្រះសុវណ្ណកុមារត្រូវបាននាយសមុទ្រគោចរជួយសង្គ្រោះ ហើយហង្សយន្តត្រូវនាយពាណិជ្ជស្រង់បាន តែពុំបានដឹងពីគុណប្រយោជន៍ឡើយ។
នាងបទុមកេសរកាលចាំស្វាមីបាត់ពុំឃើញត្រឡប់មកវិញក៏ទួញសោយសោក ហើយដើររកស្វាមីដោយទុកកូនក្រោមដើមក្រឹស្នានាព្រៃនោះ។
ថ្លែងពីព្រះចៅព្រហ្មទត្តស្តេចនៃនគរពារាណសី​ ក្នុងពេលទ្រង់យាងក្រសាលក្នុងដងព្រៃបោះក៏ឃើញបុត្ររបស់បុទមកេសរទ្រង់ក៏បានរើសទារកនោះយកមកចិញ្ចឹម ហើយដាក់ព្រះនាមថាចៅក្រឹស្នកុមារ។ ទ្រង់ស្រឡាញ់បុត្រក្រៃ ព្រោះទារកនេះមានសម្បុរដូចមាស ម្យ៉ាងទ្រង់ពុំមានបុត្រផង។ លុះនាងបុទមកេសរមកវិញរកកូនមិនឃើញក៏សន្លប់បាត់ស្មារតី។ ពេលដែលនាងភ្ញាក់រលឹកឡើងក៏ដើរតាមស្នាមដានជើងរហូតមកដល់នគរពារាណសី ហើយស្នាក់នៅជាមួយយាយមាលាជាអ្នកក្រងផ្កាថ្វាយស្តេច ដើម្បីរង់ចាំឱកាសជួបជាមួយនឹងចៅក្រឹស្នកុមារ។
ក្នុងពេលនៅជាមួយយាយមាលា នាងក្រងផ្កាថ្វាយសេ្តចជំនួសយាយមាលាយ៉ាងប៉ិនប្រសប់ជាហេតុនាំឲ្យស្តេចចង់ជួបនាង តែត្រូវយាយមាលាកុហកថានាងជាស្ត្រីមេម៉ាយ ហើយមានរូបអាក្រក់ក្រៃព្រោះពុំមែនជាឱកាសល្អ។ នាងនៅជាមួយយាយមាលាអស់រយៈពេល ១៦ឆ្នាំ។ ពេលនោះចៅក្រឹស្នកុមារក៏ចម្រើនវ័យគ្រប់ការ ទើបព្រះបាទព្រហ្មទត្តទ្រង់ត្រាស់ឲ្យស្តេចនៃនគរចំណុះទាំង​​១០១ នាំបុត្រីដែលពេញវ័យគ្រប់ការមកថ្វាយ តែពុំមានសូម្បីតែមួយអង្គដែលធ្វើឲ្យចៅក្រឹស្នកុមារពេញចិត្តសោះឡើយ ទើបព្រះបាទព្រហ្មទត្តបញ្ជាឲ្យរាជ្យអាមាត្រដើររើសរកស្រីល្អក្នុងនគរមកថ្វាយ ឯរាជអាមាត្យក្រាបថ្វាយទូលមហាក្សត្រថាក្នុងនគរពារាណសីនេះពុំមានស្រីណាដែលមានសម្រស់ស្រស់ស្អាតស្មើនឹងនាងបុទមកេសរជាចៅយាយមាលាសោះឡើយ តែទ្រង់ពុំជឿលុះអាមាត្យនាំនាងមកទើបទ្រង់ជឿ ឯចៅក្រឹស្នកុមារក៏សឹងពេញចិត្តគ្មានប្រកែក ហើយព្រះបាទព្រហ្មទត្តទ្រង់ត្មិះដៀលជេរយាយមាលាជាច្រើនដែលហ៊ានភូតកុហកទ្រង់។ ក្រោយពីបានរៀបចំរាជអភិសេកចៅក្រឹស្នកុមារ និងនាងបុទមកេសរ ព្រះបាទព្រហ្មទត្តក៏បានប្រគល់រាជសម្បត្តិថ្វាយចៅក្រឹស្នកុមារផងឲ្យគ្រប់គ្រងនគរពារាណសីពីទ្រង់ដែរ ឯនាងបុទមកេសរវិញក៏ចាំសង្កេតអត្តចរិតចៅក្រឹស្នកុមារដែរ។
ក្នុងវេលារាត្រីផ្សំដំណេកខណៈដែលចៅក្រឹស្នកុមារសំដៅទៅប្រាសាទនាងបុទមកេសរក៏ស្រាប់តែមានទេវតាមកនិមិត្តទេពហេតុបីប្រការជាប្រស្នាដល់ចៅក្រឹស្នកុមារជាហេតុនាំឲ្យទ្រង់ និងនាងបុទមកេសរបានស្គាល់គ្នាជាម្តាយនិងកូន។ ក្រោយមកនាងបុទមកេសរ និងចៅក្រឹស្នកុមារបានសាងសង់សាលាឆទាន ដោយមានឆ្លាក់ជាសាច់រឿងនៃឆាកជីវិតរបស់នាង និងស្វាមីក្នុងគោលបំណងឲ្យសុវណ្ណកុមារបានឃើញ ហើយឲ្យយាយមាលាជាអ្នកគ្រប់គ្រងសាលានោះ។
ថ្លែងពីនាយសាគរពាណិជ្ជ ដែលរើសបានហង្សយន្តបានយកទៅថ្វាយស្តេចព្រហ្មទត្ត ហើយទ្រង់បានឲ្យចៅក្រឹស្នកុមារជាអ្នកថែរក្សា។ ឯនាយសមុទ្រគោចរក៏បានចូលសំពៅមកដល់នគរពារាណសី ដើម្បីដោះដូរទំនិញ ដែលនាំឲ្យសុវណ្ណកុមារបានឃើញនូវរឿងរ៉ាវដែលឆ្លាក់់ជាប់សាលាឆទាន ហើយត្រូវយាយមាលានាំឲ្យទៅជួបនាងបុទម និងចៅក្រឹស្នកុមារ។ ដោយក្តីនឹករលឹកគ្នា ក្សត្រទាំងបីអង្គបានសោយសោករហូតដល់សន្លប់ទាំងបីអង្គ តែត្រូវព្រះឥន្ទ្រាធិរាជប្រោសឲ្យរស់វិញទាំងអស់។ ឯព្រះបាទព្រហ្មទត្តទ្រង់បានឲ្យអាមាត្យមកសាកសួរតែចៅក្រឹស្នកុមារទូលថាជាបងរបស់នាងបុទមកេសរ។
ចៅក្រឹស្នកុមារបានយកហង្សយន្តមកថ្វាយសុវណ្ណកុមារជួសជុល ឯនាងបុទមកេសររៀបចំស្បៀងអាហារក្នុងពេលធ្វើដំណើរ ហើយនាងបានឲ្យរង្វាន់ដល់នាយសំពៅទាំងពីរ និយាយមាលាជាច្រើន ចំណែកចៅក្រឹស្នកុមារបានសរសេរសំបុត្របិទជាប់ទ្វារប្រាសាទថ្វាយព្រះបាទព្រហ្មទត្ត ហើយទាំងបីអង្គអាស្រ័យដោយហង្សយន្តហោះសម្តៅទិសឧត្តរទៅទេពបុរីអស់មួយរយៈពេល ឯព្រះបាទព្រហ្មទត្តទ្រង់ទួញអាល័យបុត្រក្រៃពេក។
ដល់ទេពបុរីក្សត្រទាំង៥អង្គ បានព្រះកន្សែងលុះសន្លប់ស្មារតីទាំងអស់គ្រប់គ្នា។ ក្រោយពីធ្វើពិធីជញ្ជាត់ព្រលឹង ព្រះអាទិត្យវង្សាបានផ្ទេររាជបល្ល័ង្កថ្វាយសុវណ្ណកុមារ និងចៅក្រឹស្នកុមារជាឧបរាជបានសេចក្តីសុខសាន្តលុះមរណារៀងៗខ្លួន ក៏យោនយកកំណើតតាមផលកម្ម គឺព្រះអាទិត្យវង្សាជាព្រះបាទសុទ្ធោន៍ នាងពិម្ពាជាមហាមាយា ព្រហ្មទត្តជាអានន្ន ព្រះឥន្ទជាអនុរុទ្ធ នាងបទុមជាយសោធារា ចៅក្រឹស្នកុមារជារាហុលកុមារ ព្រះបាទបញ្ចាល៍ជាទេវទត្តអន្យតិរ្ថិយ ឯសុវណ្ណកុមារជាព្រះសាមណគោតមនេះឯង។
ប្រធានរឿង៖ ដំណើរជីវិតរបស់សុវណ្ណកុមារ ផ្សារភ្ជាប់នឹងហង្សយន្ត។
មូលបញ្ហារឿង៖
ការចាកចេញពីនគររបស់សុវណ្ណកុមារ
ការទាមទារសិទ្ធិសេរីភាពក្នុងការជ្រើសរើសគូស្រករ
ការពុះពារជំនះគ្រប់ឧបសគ្គគ្រប់បែបយ៉ាង
ការរក្សាភក្តីភាពរវាងស្វាមី និងភរិយា
ការវិលត្រឡប់ចូលនគរវិញរបស់សុវណ្ណកុមារ។

រឿង សព្វសិទ្ធិ

ប្រភពរឿង៖ គម្ពីរបញ្ញាសជាតក
ប្រភេទរឿង៖ អក្សរសិល្បិ៍បុរាណ បែបសាស្ត្រាល្បែង
ចលនា៖ ពុទ្ធនិយម
អ្នកនិពន្ធ៖ ហ្មឺនភក្តីអក្សរតន់
កាលកំណត់តែង៖ ព.ស ២៤៤២​ត្រូវនឹងគ.ស.១៨៩៩
សង្ខេបរឿង
នៅក្នុងព្រៃហេមពាន្តមានសត្វជៀបកប្បាសឈ្មោលញីមួយគូរស់នៅដោយមានកូនខ្ចីនៅក្នុងសំបុក។ ព្រឹកឡើងចាបឈ្មោលចេញទៅរកចំណីចិញ្ចឹមកូន ទុកឲ្យចាបញីនៅក្រុងរក្សាកូន។ ហើរទៅដល់ទៀបស្រះឈូកមួយមានផ្កាឈូករីកក៏ហើរទៅទំលើផ្កាឈូករីកនោះ ហើយត្រូវផ្កាឈូកក្តោបរំរកច្រកចេញពុំរួច។ លុះសុរិយាជ្រាលជ្រេផ្កាឈូកលា ទើបចាបឈ្មោលចេញរួចហើរពាំចំណីសំដៅទៅកាន់សំបុកវិញ។ ថ្លែងពីនាងសកុណីនៅក្នុងព្រៃត្រូវភ្លើងឆេះព្រៃស្លាប់កូនអស់ លុះឃើញសកុណាជាប្តីមកដល់មានធុំក្លិនក្រអូបនៃផ្កាឈូកទៀតនោះ​ ក៏កើតក្តីប្រច័ណ្ឌខឹងនឹងប្តីថារវល់តែត្រេកត្រអាលស្រីញីថ្មីភ្លេចកូនប្រពន្ធ។ សកុណីក៏លោតចូលភ្លើងដោយបានសច្ចាថាបើកើតជាតិថ្មីមិនស្តីនិយាយនឹងប្រុសឈ្មោលណាឡើយ។ ឯសកុណាដែលពន្យល់សកុណីមិនជឿក៏លោតសម្លាប់ខ្លួនក្នុងភ្លើងដែរ ដោយបានសច្ចាថាកើតជាតិណាណាសូមជួបប្រពន្ធរបស់ខ្លួនជានិច្ចកុំខានឡើយ។ កាលស្លាប់ទៅ ចាបឈ្មោលបានទៅកើតជាបុត្រារបស់កោណ្ឌញ្ញសេដ្ឋី និងនាងខេមារីក្នុងស្រុកចន្ទគ្រាមបុរី ក្រុងពារាណសី ដោយមាននាមថា “ចៅសព្វសិទ្ធិ”។ កាលសព្វសិទ្ធិប្រសូតនោះមានកុមារ ១០០១នាក់កើតឡើងដែរជាបរិវា។ ចំណែកឯនាងសកុណីកាលស្លាប់ទៅ បានយកកំណើតជាបុត្រីរបស់ត្រកូលក្សត្រមាននាមថា “សុវណ្ណកេសរ” នៃក្រុងពារាណសីដែលមានបិតានាមព្រះបាទព្រហ្មទត្ត និងមហេសីនាមកុសុមា។ កាលធំដឹងក្តីឡើងសព្វសិទ្ធិបានសុំឪពុកម្តាយទៅរៀនវេទនឹងលោកអាចារ្យទិសាបាមោក្ខនៅនគរតក្កសិលា ដោយមានកុមារទាំង១០០១ទៅរៀនជាមួយគ្នា ព្រមទាំងមានភិលៀងជំនិតម្នាក់ផង ដែលបានរៀនសូត្រចេះដឹងដូចសព្វសិទ្ធិដែរ។ ក្នុងចំណោមសិស្សទាំងអស់ សព្វសិទ្ធិគឺជាសិស្សដែលពូកែ និងឆ្លាតជាងគេ។ វេលាដែលបានចេះចាំសព្វហើយក៏បានធ្វើដំណើរត្រឡប់មកមាតុភូមិវិញ។ ថ្លែងឯនាងសុវណ្ណកេសរវិញពុំដែលនិយាយរកប្រុសណាសោះ រាប់ទាំងបិតានាងផង។ ការនេះធ្វើឲ្យបិតាព្រះនាងមានការងឿងឆ្ងល់ជាខ្លាំងក៏សួរទៅនាងកុសុមាជាមហេសីឲ្យសួរនាំក៏បានដឹងសព្វគ្រប់ កើតចិត្តអាណិតបុត្រីថាការនេះគឺបណ្តាលមកពីកម្ម និងកោតសរសើរបុត្រីថាជាស្រីគ្រប់លក្ខណ៍។ ព្រះបាទព្រហ្មទត្តក៏ប៉ាវគងឲ្យក្សត្រគ្រប់នគរ នាម៉ឺន មន្ត្រី សេដ្ឋី ប្រជានុរាស្ត្រនាំបុត្រា កូនប្រុសមកសាកល្បងយ៉ាងណាឲ្យនាងសុវណ្ណកេសរព្រមនិយាយជាមួយ នឹងលើកព្រះនាងឲ្យជាមហេសី។ ប៉ុន្តែគ្រប់បុត្រា និងបុរសជាច្រើនមិនបានធ្វើឲ្យព្រះនាងនិយាយជាមួយនោះទេ។ ព័ត៌មាននេះបានលេចលឺដល់សព្វសិទ្ធិ ក៏បាននាំភិលៀងមកនគរពារាណសី ដើម្បីល្បងយកនាងសុវណ្ណកេសរ ដោយបានប្រើសិល្ប៍សាស្ត្រដកដួងព្រលឹងភិលៀងទៅដាក់លើវត្ថុផ្សេងៗជាគម្រប់៤ដង។ លើកទីមួយសព្វសិទ្ធិបានដកដួងព្រលឹងភិលៀងទៅដាក់នឹងទ្វារ។ លើកទីពីរដាក់នឹងចង្កៀង លើកទីបីដាក់នឹងពានព្រះស្រី និងលើកទីបួនដាក់នៅនឹងវាំងនន។ ហើយក្នុងមួយលើកៗសព្វសិទ្ធិបាននិទានរឿងមួយ។
ការនិទានរឿងទាំងបួនរបស់សព្វសិទ្ធិនេះធ្វើឲ្យសុវណ្ណកេសរនិយាយតប ដោយមានសូរសព្ទភ្លេងជាសក្ខីភាព។ សព្វសិទ្ធិ និងនាងសុវណ្ណកេសរត្រូវបានបិតាមាតារៀបអភិសេកឲ្យនាពេលនោះទៅ។
សម័យក្រោយមក សព្វសិទ្ធិបានលាមហេសីទៅប្រពាតព្រៃជាមួយនឹងភិលៀង។ ទៅដល់ព្រៃបានជួបនឹងប្រើសស្លាប់មួយ សព្វសិទ្ធិបានដកដួងចិត្តពីរូបខ្លួនទៅចូលក្នុងសាកសព្វនោះដោយបានផ្តាំភិលៀងឲ្យមើលថែរូបកាយខ្លួនឲ្យបានល្អ។ សព្វសិទ្ធិក្នុងរូបរាងប្រើសបានរត់លេងយ៉ាងសប្បាយនៅក្នុងព្រៃ។ ឱកាសល្អ ភិលៀងបានដកដួងជីវិតរបស់ខ្លួនចូលទៅក្នុងរូបសព្វសិទ្ធិ ហើយដុតរូបរបស់ខ្លួនចោលទៅ។ សព្វសិទ្ធិត្រឡប់មកវិញដឹងថាភិលៀងក្បត់យកព្រលឹងចូលរូបរបស់ខ្លួននោះក៏កើតទុក្ខទោម្នេញ។ ចៃដន្យល្អមានសត្វសារិកាមួយស្លាប់ថ្មីៗ សព្វសិទ្ធិក៏ដកដួងជីវិតចូលទៅក្នុងរូបសត្វនោះ ហើរទៅរាជវាំង រ៉ាយរ៉ាប់ប្រាប់មហេសីសព្វគ្រប់។ សុវណ្ណកេសរក៏បានលួងលោមភិលៀងឲ្យដកដួងជីវិតដាក់ក្នុងពពែស្លាប់មួយ។ សព្វសិទ្ធិក៏ដកដួងជីវិតរបស់ខ្លួនចូលក្នុងរូបរបស់ខ្លួនវិញ។ រួចរាល់ហើយគេក៏សម្លាប់ពពែនោះចោលទៅ។ ក្រោយមកព្រះបាទព្រហ្មទត្តទ្រង់រាជាពាធដល់នូវទីវង្គត។ អស់ចតុរង្គជំនំគ្នាសេ្តចយាងក្សត្រគឺ សព្វសិទ្ធិ និងសុវណ្ណកេសរឲ្យឡើងគ្រងរាជ្យជាសុខសាន្តរហូតដល់ព្រះជន្មមួយរយម្ភៃព្រះវស្សារទើបសោយវិលាល័យ​ទៅកើតនៅឋានតុសិត។ សព្វសិទ្ធិសរជាតិជាព្រះសម្មាសម្ពុទ្ធ នាងសុវណ្ណកេសរជាកន្សៃសារពេជ្ញ ភិលៀងជាទេវទត្ត ព្រះបាទព្រហ្មទត្តជាអានាថបណ្ឌិតមហាសេដ្ឋី កុសុមាជានាងពលីកា កោណ្ឌញ្ញសេដ្ឋីជាពុទ្ធបិតានាមសុទ្ធោទន៍ នាងខេមាជាពុទ្ធមាតានាមនាងសិរីមហាមាយា។

ប្រធានរឿង៖ លើកឡើងនូវទស្សនៈកម្មផល គឺរឿងទាំងមូលនិយាយពីការសាងកម្ម និងការសោយកម្មទាំងក្នុងបច្ចុប្បន្នជាតិ និងអតីតជាតិ។
មូលបញ្ហារឿង៖ បញ្ហាកម្មផល។
ការប្រចណ្ឌដោយឥតមានហេតុផល គ្មានការពិចារណា ចាំឲ្យកើតហេតុ កើតគ្រោះរហូតឈានដល់ការធ្វើអត្តឃាត។
ការជ្រើសរើសគូស្រករ
ការផិតក្បត់ សាហាយស្មន់
ការសេពគប់មិត្ត។

រឿង មាយើង

ប្រភពរឿង៖ ដំណើររឿងកើតឡើងនៅប្រទេសកម្ពុជា
ប្រភេទ៖ អក្សរសិល្ប៍ប្រជាប្រិយ
ចលនា៖ អក្សរសិល្ប៍ខេមរនិយម
កាលកំណត់តែង៖​​ មិនច្បាស់លាស់
អ្នកនិពន្ធ៖ មិនស្គាល់ឈ្មោះ

សង្ខេបរឿង
កាលកន្លងទៅហើយ មានព្រះមហាក្សត្រមួយព្រះអង្គព្រះនាមព្រហ្មទត្តសោយរាជ្យក្នុងក្រុង​ពារាណសី មានព្រះអគ្គមហេសីប្រកបដោយរូបសម្រស់ស្រស់សោភា ព្រមទាំងមន្ត្រីយោធា សមណព្រាហ្មណ៍ដោយប្រាជ្ញា។ ទ្រង់គ្រងរាជ្យប្រកបដោយទសពិធរាជធម៌ ប្រជានុរាស្រ្តសឹង​ប្រកបដោយសុខសន្តិភាពពុំមានកើតកោលាហលក្នុងព្រះនគរឡើយ។ កាលនោះក្នុងមានមាណព​ម្នាក់ជាអ្នកកំសត់ទុគ៌តរស់នៅតែនឹងពីរនាក់ប្តីប្រពន្ធ រីឯនាងប្រពន្ធវិញមានរូបស្រស់សោភា ប៉ុន្តែ​ចិត្តកំណាញ់ទ្រីស្មូញាតិព្រៀងលានពុំចូលចិត្តឡើយ។
សម័យថ្ងៃមួយមាណពនឹងភរិយានាំគ្នាទៅជញ្ជាត់ត្រី ឯកញ្ជើសោតធ្លុះត្បិតនាងប្រពន្ធពុំចេះ​ជួយថែរក្សា ពេលដែលប្តីជញ្ជាត់បានត្រីដាក់ចូលរមែងចេញតាមប្រហោងនោះ។ លុះជញ្ជាត់យូរ​ទៅក៏ជិតដល់សំពៅដ៏ធំមួយនាយភេត្រានិងភរិយាក៏មើលពីលើសំពៅមកឃើញកញ្ជើធ្លុះ នាង​ភរិយាក៏ពោលថានាងជាប្រពន្ធម្តេចមិនយកអីចុកកុំឲ្យលេច។ ប្តីនាងក៏ក្រោធខឹងហើយដេញនាង​ឲ្យចុះទៅនៅជាមួយមាណពនោះ នាយសំពៅក៏ព្រមបបួលមាណពដូរប្រពន្ធ។ នាងជាប្រពន្ធថ្មី​របស់មាណពក៏កាន់កញ្ជើដើរទៅរកអ្វីមកចុកកុំឲ្យលេចរួចដើរជញ្ជាត់តាមប្តី។ ពេលត្រឡប់មកផ្ទះ​វិញនាងក៏ចាត់ចែងឲ្យប្តីយកត្រីជូនញាតិព្រៀងលាន អ្នកជិតខាងសឹងឆ្ងល់គ្រប់គ្នាព្រោះចៅ​មាណព និងប្រពន្ធពុំដែលមានសប្បុរសឡើយ លុះពួកគេទៅលេងផ្ទះមាណពទើបដឹងថាចៅ​មាណពបានប្រពន្ធថ្មីប្រកបដោយលក្ខិណា។ ថ្ងៃមួយមាណចូលព្រៃដើម្បីកាប់អុស លុះរែកត្រឡប់​មកវិញប្រពន្ធឃើញឈើនោះសុទ្ធតែជាឈើមានតម្លៃ ដូចជាក្លាំពាក់ ក្រឹស្នាជាដើម ក៏ដេញឲ្យប្តីទៅ​កាប់ចងបាច់ទុកឲ្យបានច្រើន នឹងអាលជួលរទេះអ្នកជិតខាងឲ្យដឹងគរទុក។ ពេលអ្នកដើរសំពៅរក​ទិញដើមក្រឹស្នា ក្លាំពាក់ នាងលក់បានទ្រព្យសម្បតិ្តជាច្រើនហើយក៏រៀបចំធ្វើផ្ទះយ៉ាងធំជួលខ្ញុំបម្រើ ឯប្តីនោះក៏បានស្គាល់ចៅដទៃ ស្គាល់ព្រះ ស្គាល់ពញាជាដើម។ ថ្ងៃមួយនាងស្រដីនឹងប្តី នាងចង់ឲ្យ​ប្តីនាងរៀនរត់ឲ្យបានរហ័សដូចចិត្តប៉ងប្រាថ្នា ប្តីក៏យល់ព្រម។ រត់មួយថ្ងៃដំបូងក៏ប្រាប់ប្រពន្ធថាហត់​ស្ទើរដាច់ខ្យល់ស្លាប់ លុះរត់យូរទៅក៏លែងហត់។ ប្រពន្ធឃើញប្តីរបស់ខ្លួនរត់ពុំហត់គ្រប់គ្រាន់បរិបូរ​ក៏នាំទៅជួបនឹងមន្ត្រីដើម្បីសុំផ្ញើប្តីទៅនៅបម្រើព្រះមហាក្សត្រ។ នាកាលថ្ងៃមួយព្រះមហាក្សត្រទ្រង់​ប្រាប់ឲ្យពលសេនារៀបគ្រឿងបណ្ណាការ ព្រោះទ្រង់ចង់ទៅប្រពាតព្រៃព្រឹក្សា។ ចៅមាណពក៏ប្រាប់​ឲ្យប្រពន្ធរៀបចំក្រយាដើម្បីទៅចូលរួមដង្ហែព្រះរាជា។ ឯនាងប្រពន្ធរៀបចំបង្វិចឲ្យប្តី និងផ្ចិតផ្ចង់​ក្រយាសម្រាប់ព្រះមហាក្សត្រ នាងដឹងថាព្រះមហាក្សត្រនឹងឃ្លាតពីមន្តី្រទាំងឡាយ មានតែ​មាណពម្នាក់ប៉ុណ្ណោះដែលទៅទាន់។ លុះព្រឹកឡើងពួកពលសេនាក៏រៀបចំដង្ហែព្រះអង្គ ព្រះអង្គ​ទ្រង់ក៏បរអស្សពាហ៍លឿនកន្លង លុះដល់ដើមជ្រៃស្តេចក៏បញ្ឈប់អស្សពាហ៍។ ទ្រង់ទតមើលពុំ​ឃើញនរណាក្រៅពីមាណព ទ្រង់ក៏សន្មតនាមថាចៅមាយើង។ លុះថ្ងៃពេកទ្រង់ឃ្លានក្រយាក៏ប្រាប់​ទៅមាយើងថាមន្ត្រីទាំងឡាយបែកខ្ញែកគ្នាពុំដឹងនៅទីណា មាយើងក៏ទូលទៅថាទូលបង្គំមានបាយ ស្តេចសោយបាយ ទឹក ស្លា របស់ដ៏មានឱជារសឆ្ងាញ់ដូចទ្រង់ធ្លាប់សោយរាល់ថ្ងៃ ហើយទ្រង់​សរសើរដល់ប្រពន្ធមាយើងថាជាស្រីប្រកបដោយលក្ខិណាចេះរៀបចំទុកដាក់ឲ្យប្តីមានសព្វគ្រប់ពុំ​ខ្វះឡើយណា។ លុះទ្រង់សោយហើយទ្រង់ក៏ផ្ទំលើភ្លៅមាណពហើយមានបន្ទូលថាទ្រង់នឹងនិទាន​រឿងមួយឲ្យមាណពស្តាប់ ពុំទាន់និទានផងទ្រង់ក៏ផ្ទំលក់ទៅ។ កាលនោះមានទេវតារក្សាដើមជ្រៃ​បានលឺថាស្តេចនឹងនិទានរឿង ក៏បបួលគ្នាមូលមីរលើដើមជ្រៃ លុះយល់ស្តេចនិទ្រាពុំមានបន្ទូល ទេវតាក៏ខឹងនឹងព្រះបាទព្រហ្មទត្តថាមុសាពុំកាន់ពាក្យសត្យ។ ដូច្នេះយើងនឹងកាច់មែកជ្រៃទម្លាក់​សង្កត់មហាក្សត្រឲ្យបង់ព្រះជន្មជីវី។ បើពុំបានពេលស្តេចទៅដល់បុរីយើងនឹងកាច់ក្លោងទ្វាសង្កត់​ឲ្យក្ស័យ។ បើឆ្លងផុតទៀតពេលស្តេចចូលដល់ព្រះក្រឡាបន្ទំយើងនឹងក្រឡាជាពស់ទៅខាំ។ មា​យើងបានលឺពាក្យទេវតាពិភាក្សាគ្នាក៏ដាស់ស្តេចមួយរំពេច ទើបទូលស្តេចថាមានទេវតានិត្យនៅ​រក្សាលើដើមជ្រៃខឹងនឹងព្រះអង្គថានិទានរឿង ហើយក៏ផ្ទំលក់ស្ងាត់ស្ងៀម។ ស្តេចស្តាប់មាយើង​ហើយក៏ស្ទុះឡើងលើសេះបំផាយជាមួយមាយើង។ ក្សិណនោះមែកជ្រៃក៏ធ្លាក់ផុតពីក្សត្រថ្លៃ លុះ​ដល់ក្លោងទ្វារស្តេចប្រាប់ឲ្យមាយើងប្រយ័ត្នជួយវាត់គោសេះឲ្យសេះលោតផ្លោះផុតពីក្លោងទ្វារដែល​ទេវតា​ទម្លាក់មករួចផុតពីក្ស័យ។ លុះចូលមកដល់មណ្ឌលមាយើងក៏ក្រាប់ថ្វាយបង្គំលាទៅកាន់គ្រឹះ​ស្ថានរបស់ខ្លួន ព្រះបាទព្រហ្មទត្តទ្រង់មានបន្ទូលផ្តាំថា ចូរទៅចុះហើយវិលត្រឡប់មកចាំដូចចៅលឺ​ហោង។ លុះមកដល់ផ្ទះអាត្មា មាយើងក៏ដំណាលប្រាប់ភរិយាអស់សេចក្តី។ លុះមាយើងនិងភរិយា​ហូបបាយហើយក៏ទៅអង្គុយចាំ។ កាលនោះឯងទេវតាបានប្រែក្រឡាជាពស់ទំហំប៉ុនដើមត្នោត បើកពពារគួរឲ្យខ្លាច ភ្នែកធំត្រដាច រីឯចង្កូមសស្ញាច មាយើងក៏លើកខាន់ថ្លាវាត់ដាច់សិរសា ឈាម​ពស់ខ្ទាតទៅដល់ថនាព្រះទេពី មាយើងគិតថាបើដាស់ក្រឡាបន្ទំយល់ពុំគួរបើយកដៃទៅជូតក៏ពុំជា រួចហើយក៏យកខ្មោចពស់ដាក់ក្រោមក្រឡាបន្ទំហើយហាមាត់លិទ្ធឈាមដែលប្រលាក់សុដន់ក្សត្រី។ នាងនាថភ្ញាក់ឡើងក៏ដាស់ព្រះភូមីខ្សឹបប្រាប់ថាមាយើងយកជីវ្ហាមកលិទ្ធដោះខ្លួន។ ស្តេចព្រហ្មទត្ត​ស្តាប់ប៉ុណ្ណោះក៏ក្រេវក្រោធពេកក្រៃមិនបានជាគិតក៏បញ្ជាឲ្យពេជ្ឈឃាតនាំមាយើងទៅប្រហារជីវិត​ទាំងយប់ ប៉ុន្តែមានការរារាំងពីឆ្មាំយាមទ្វារទិសទាំងបួន ព្រោះថាច្បាប់ប្រចាំព្រះរាជវាំងមិនអាច​យកអ្នកទោសទៅប្រហារជីវិតមុនថ្ងៃរះបានទេ ហើយឆ្មាំទ្វារទិសនីមួយៗបានពន្យល់ប្រាប់ហេតុ​ផលជាច្រើនដល់ពេជ្ឈឃាតដើម្បីកុំឲ្យពេជ្ឈឃាតប្រហារជីវិតមាយើង ហើយធ្វើឲ្យព្រះអង្គមានការ​ស្តាយក្រោយ។ និយាយពីស្តេចព្រហ្មទត្តកាលដែលតើនឡើងហើយនឹករឿងសព្វគ្រប់ឃើញថាចៅ​មាណពមានគុណលើព្រះអង្គក្រាស់ក្រៃ ក៏ទ្រង់ត្រាស់បញ្ជាឲ្យអាមាត្យរត់ទៅតាម។ អាមាត្យរត់វឹង​ទៅតាមទាន់ពេជ្ឈឃាតនៅទ្វារទិសឧត្តរក៏នាំមាយើងត្រឡប់មកវិញ។ ស្តេចព្រហ្មទត្តក៏ត្រាស់សួរ​មាយើងដឹងរឿងរ៉ាវសព្វគ្រប់អស់ហើយ ស្តេចព្រហ្មទត្តបានសុំទោសចៅមាយើងកុំឲ្យខឹងនឹងព្រះ​អង្គ ហើយក៏ប្រទានយសសក្តិដល់ចៅមាយើងយ៉ាងសមរម្យ។ ចៅមាយើងក៏រស់នៅជាមួយភរិយា​យ៉ាងសុខសាន្ត។
ថ្លែងពីនាយសំពៅកាលដែលបានដូរប្រពន្ធហើយ ហេតុតែនាងប្រពន្ធជាស្រីខាតលក្ខណ៍មិន​ជួយធ្វើការអ្វីសោះគិតតែចាយ ពេលដែលកូនជុះអាចម៍ ជុះនោមនាងមិនយកទៅលាងទេ តែង​តែ​ហែកព្រែថ្មីៗជូតហើយបោះចោលគ្មានស្តាយស្រណោះបន្តិចសោះ មាសប្រាក់ដែលធ្លាប់មានក៏ត្រូវ​រលាយអស់រហូតដល់លក់សំពៅចាយទៀត។ លុះអស់ប្រាក់ពីខ្លួន ទាំងពីរនាក់ប្តីប្រពន្ធក៏ពរកូនដើរ​សុំទានគេ។ ដើរសុំយូរៗទៅក៏បានទៅដល់ផ្ទះមាយើង នាងជាភរិយាមាយើងមិនដឹងក៏ហៅឲ្យទាន​ដូចសព្វដង ហើយក៏ស្គាល់ជាក់ថាជាអតីតស្វាមីនាងជានាយសំពៅ ចុះឥឡូវម្តេចក៏មកសុំទានទៅ​វិញ។ ចំណែបុរសជាប្តីឃើញនាងអតីតភរិយាក៏ស្គាល់ហើយមានចិត្តអៀនខ្មាស់ក៏នាំប្រពន្ធកូនគេច​បាត់ទៅ។
ប្រធានរឿង៖ រឿងនេះនិយាយពីតម្លៃស្ត្រីនៅក្នុងគ្រួសារ។
មួលបញ្ហារឿង៖
លក្ខណៈប្រពន្ធខាតលក្ខណ៍ និងប្រពន្ធគ្រប់លក្ខណ៍
ការផ្លាស់ប្តូរជីវភាពរបស់ចៅមាណព
ការចូលខ្លួនទៅនៅក្នុងរាជវាំងនៃចៅមាយើង (ចៅមាណព)
ភាពរុងរឿងនៃគ្រួសារចៅមាយើង

រឿង សូផាត

ប្រភេទ៖ រឿងនេះជាប្រភេទអក្សរសិល្ប៍ប្រលោមលោកទំនើបបែបមនោសញ្ជេតនា
ចលនា៖ ជាចលនាអក្សរសិល្ប៍ខេមរនិយម ដែលឆ្លុះបញ្ចាំងពីសង្គមខ្មែរនាសម័យអាណានិ​គមបារាំង។
កាលកំណត់តែង៖ ១៩៣៨
អ្នកនិពន្ធ៖ រីម គីន
សង្ខេបរឿង
លោកសួនជាចៅហ្វាយស្រុកមួយរូបនៅស្រុកសេរីសោភ័ណ។ អ្នកស្រុកទាំងពួងដឹងថាលោ​ក​បានទៅលួចរួមរ័ក្សជាមួយស្រី្តកំព្រាម្នាក់ឈ្មោះសូយា។ ក្រោយមកលោកត្រូវបានរាជការធំផ្លាស់​លោកទៅក្រុងភ្នំពេញ។ លោកសួនមិនអាចនាំនាងសូយាដែលមានផ្ទៃពោះទៅជាមួយដោយសារ​តែម្តាយលោកបានដណ្តឹងកូនគេបញ្ចាំចិត្តរួចហើយ។ លោកបានទុកចិញ្ចៀនមួយវង់ឲ្យនាងសូយា​ហើយសន្យាថានឹងវិលត្រឡប់ទៅរកនាងវិញ។ នាងសូយានៅស្រុកតែម្នាក់ឯង ក្រោយមកឆ្លងទន្លេ​បានកូនប្រុសឈ្មោះសូផាត។ ម្តាយកូនពីរនាក់រស់នៅយ៉ាងកំសត់ សូម្បីតែសំបុត្រមួយបន្ទាត់ពី​លោកសួនក៏នាងមិនបានទទួលដែរ។ ពេលដឹងថាលោកសួនមានប្រពន្ធថ្មី នាងក៏ចាប់ផ្តើមឈឺ​រហូតដល់ស្លាប់ ហើយកូននាងត្រូវបានយកទៅដាក់ក្នុងវត្តពេលអាយុបានប្រាំបីឆ្នាំ។ លុះដល់អាយុ​បានដប់ពីរឆ្នាំ កុមារចាកចេញពីស្រុកទៅភ្នំពេញដើម្បីស្វែងរកឪពុកបង្កើតរបស់ខ្លួន។
ពេលទៅដល់ភ្នំពេញ សូផាតស្នាក់នៅក្នុងវត្តឧណ្ណាលោមហើយបានស្គាល់ក្មេងម្នាក់ឈ្មោះ​ណារិន។ ក្រោយមកឪពុកធម៌ណារិនយល់ព្រមឲ្យសូផាតស្នាក់នៅជាមួយ។ ថ្ងៃមួយក្រោយពេល​សូផាតងូតទឹករួចភ្លេចចិញ្ចៀន​នៅក្នុងបន្ទប់ទឹក។ នាងម៉ានយ៉ានចូលទៅដល់បន្ទប់ទឹកក៏ប្រទះ​ឃើញចិញ្ចៀននោះ ហើយប្រគល់ឲ្យលោកឧកញ៉ា។ លោកក៏ជ្រាបដឹងថា សូផាតជាកូនបង្កើត​របស់ខ្លួន។
នាងអ៊ូរីជាកូនក្រមុំអ្នកជិតខាងចាប់អារម្មណ៍លើសូផាតរហូតដល់ទប់កេរ្តិ៍ជាស្រ្តីពុំបានក៏ឡើង​ទៅបន្ទប់សូផាតទាំងយប់ តែត្រូវបានសូផាតប្រាប់ឲ្យចាកចេញ។ នាងម៉ាយ៉ានប្រទះឃើញទិដ្ឋ​ភាព​បែបនេះក៏អស់សង្ឃឹមដែលខ្លួនបានចាប់ចិត្តទៅលើបុរសបែបនេះ។ នាងគេចវេសខ្លួនចេញពី​សូផាតជាដរាប ហើយសូផាតក៏នឹកក្នុងចិត្តថាគេប្រហែលជាធ្វើអ្វីឲ្យនាងទាស់ចិត្ត ហើយក៏សម្រេច​ចិត្តចាកចេញពីផ្ទះនេះ។ ក្រោយពេលគ្រួសារលោកសួនដឹងថាសូផាតបានចាកចេញពីផ្ទះ លោក​ក៏​ចេញបញ្ជាឲ្យគេតាមរក ស្រាប់តែក្រុមនគរបាលរកឃើញសាកសពមួយដោយស្មានថាជាសូផាត។ ចំណែកឯសូផាតវិញបានទៅរស់នៅជាមួយមេស្រុកសុខហើយប្តូរឈ្មោះខ្លួនទៅជាផនស៊ី។ ឯ​សំណាងជាកូនអ្នកមានក៏បម្រុងនឹងចូលស្តីដណ្តឹងនាងម៉ានយ៉ាន។ ក្រោយមកនាងម៉ានយ៉ានបាន​ទៅជួបនឹងសូផាតនៅផ្ទះមេស្រុកនោះដោយស្មានថាព្រលឹងខ្មោចសូផាតមកតាមរកនាង។ នៅថ្ងៃ​ដែលនាងរៀបការ នាងលោតសម្លាប់ខ្លួននៅមាត់ទន្លេប៉ុន្តែត្រូវបានអ្នកនេសាទជួយសង្គ្រោះ ពេល​នោះហើយដែលសូផាតបានជួបនឹងនាងម៉ានយ៉ានម្តងទៀត ហើយនាំគ្នាភៀសខ្លួនទៅខេត្តស្វាយ​រៀង។ ដោយសារតែសូផាតធ្វើដំណើរត្រឡប់មកភ្នំពេញវិញជួបគ្រោះថ្នាក់ចរាចរណ៍ ហើយនាង​ម៉ានយ៉ានធ្លាក់ខ្លួនឈឺយ៉ាងធ្ងន់ធ្ងរនៅឯខេត្ត អ្នកទាំងពីរត្រូវបានបញ្ជូនទៅមន្ទីរពេទ្យនៅឯភ្នំពេញ ហើយជួបគ្នាដោយចៃដន្យនៅទីនោះ។ ទីបំផុតលោកសួនបានរកឃើញអ្នកទាំងពីរវិញ ហើយរៀប​ចំពិធីអាពាហ៍ពិពាហ៍ឲ្យពួកគេទៅតាមប្រពៃណី ហើយរស់នៅជួបជុំគ្រួសារយ៉ាងសុខសាន្តចាប់ពី​ពេលនោះមក។
ប្រធានរឿង៖ រឿងនេះចង់បង្ហាញពីជីវិតតស៊ូព្យាយាមរបស់យុវជនមួយរូបក្នុងនាមជាកូន​កំព្រា។
មួលបញ្ហារឿង៖
ការផិតក្បត់របស់លោកសួនចំពោះនាងសូយា (បន្សល់ទុកនូវកូនកំព្រា)
ការយល់ច្រឡំរបស់កំលោះក្រមុំ (សូផាត និងនាងម៉ានយ៉ាន)
បញ្ហាការតស៊ូរៀនសូត្ររបស់សូផាត
ស្នេហាស្មោះស្ម័គ្ររបស់កំលោះក្រមុំ (សុផាត និងនាងម៉ានយ៉ាន)
ឧត្តមគតិរឿង៖
ត្រូវចេះជួយយកអាសារ និងទំនុកបម្រុងគ្នាទៅវិញទៅមក
ត្រូវចេះតស៊ូព្យាយាមជំនះរាល់ការលំបាក
ត្រូវគោរពប្រពៃណីទំនៀមទម្លាប់ជាតិ
ត្រូវស្មោះត្រង់នឹងស្នេហា